(វ៉ាស៊ីនតោន)៖ នៅទីបំផុត លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបានសំឡេង អង្គបោះឆ្នោតច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។
តាមរយៈលទ្ធផលបោះឆ្នោតនេះ លោក ដូណាល់ ត្រាំ អាយុ៧៨ឆ្នាំ នឹងក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក និងជាអាណត្តិ២របស់លោក ខណៈលោក J.D. Vance ឬ James David Vance នឹងក្លាយជាអនុប្រធានាធិបតីរបស់លោក។ ដូច្នេះតើការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ នឹងមានន័យយ៉ាងសម្រាប់ពិភពលោក?
* ការវិលត្រឡប់មកវិញនៃនយោបាយប្រជានិយម ឬ America First
នៅក្រោមអាណត្តិជាប្រធានាធិបតី ពីឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ដូណាល់ ត្រាំ បានដឹកនាំសហរដ្ឋអាមេរិកជាមួយការឱបក្រសោបនយោបាយប្រជានិយម ឬតម្កល់ប្រយោជន៍របស់ សហរដ្ឋអាមេរិកមុនគេ (America First)។ នៅក្រោមនយោបាយនេះ លោក ត្រាំ តែងតែអះអាងថាប្រព័ន្ធនយោបាយប្រជាធិបតេយ្យសព្វថ្ងៃរបស់សហរដ្ឋអាមេរិកបានបំផ្លាញប្រជាជនអាមេរិកដែលរកបាន ចំណូលទាប ខណៈស្វែងរកផលប្រយោន៍នៅក្រៅប្រទេស និងបញ្ជូនជនជាតិអាមេរិកទៅប្រយុទ្ធ និងស្លាប់ដោយឥតប្រយោជន៍ក្នុងសង្រ្គាមគ្មានទីបញ្ចប់។ គំនិតប្រជានិយមរបស់លោក ត្រាំ គ្មាននរណាគេ ផ្សេង ដែលលើកយកមកនិយាយឡើងវិញបានល្អជាងលោក JD Vance ដែលជាអនាគតអនុប្រធានាធិបតីរបស់លោកនោះទេ។ លោក JD Vance ធ្លាប់បាននិយាយថាចាប់ពីសង្រ្គាមនៅអ៉ីរ៉ាក់ រហូតដល់ អាហ្វហ្កានីស្ថាន ចាប់ពីវិបត្តិហិរញ្ញវត្ថុ ដល់វិបត្តិសេដ្ឋកិច្ចសកល ឬ Great Recession ព្រមទាំងបញ្ហាអន្តោប្រវេសន៍ អ្នកដែលដឹកនាំសហរដ្ឋអាមេរិកសព្វថ្ងៃបានបរាជ័យម្ដងហើយម្ដងទៀត។
បើតាមលោក JD Vance បរាជ័យនេះគឺដោយសារតែពួកគេបានបំភ្លេចចោល ឬមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អាមេរិកមុនគេ ហើយដូចដែលលោក ត្រាំ បានបញ្ជាក់កាលពីឆ្នាំ២០១៦ នៅពេល ជាប់ឆ្នោតជាប្រធានាធិបតីដំបូងថា «អាមេរិកនិយម មិនមែនសកលភាវូបនីយកម្មនិយម នឹងក្លាយជាគោលការណ៍របស់យើង»។
* អ៊ុយក្រែន និង NATO
អ៊ុយក្រែនអាចនឹងមានការព្រួយបារម្ភខ្លាំងជាងគេចំពោះការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ មិនដែលបានបង្ហាញពីគោលជំហរច្បាស់ៗគាំទ្រអ៊ុយក្រែននោះទេ ហើយសូម្បីតែ នៅអំឡុងយុទ្ធនាឃោសនាបោះឆ្នោត ក៏លោកមិនដែលគាំទ្រអ៊ុយក្រែននោះដែរ បើទោះជាអ៊ុយក្រែនកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ីក៏ដោយ។ ចំណែក លោក JD Vance កាន់តែធ្វើសោះកក្រោះដាក់អ៊ុយក្រែនថែមទៀតផង។ ជាក់ស្ដែង នៅឯវេទិកាជួបជុំអ្នកគាំទ្រគណបក្សសាធារណរដ្ឋកាលពីខែកក្កដាកន្លងទៅ លោកបាននិយាយថាវាលែងជាប្រយោជន៍ របស់សហរដ្ឋអាមេរិកទៀតហើយ ក្នុងការផ្ដល់ជំនួយដល់សង្រ្គាមមួយ (អ៊ុយក្រែន) ដែលគ្មានទីបញ្ចប់។ ដោយឡែក សម្រាប់បណ្ដាប្រទេសអឺរ៉ុបដែលជាសមាជិក NATO វិញ ពួកគេយល់ថានឹងរងសម្ពាធ ជាថ្មីនៅក្រោមអាណត្តិទី២របស់លោក ត្រាំ។ កាលពីអាណត្តិទី១ លោក ត្រាំ បានដាក់សម្ពាធឱ្យបណ្ដាប្រទេសជាសមាជិក NATO បង្កើនកញ្ចប់ថវិកាយោធាដើម្បីពង្រឹងការការពារសន្តិសុខខ្លួនឯង។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤នេះ លោកក៏បានព្រមានដែរថានឹងប្រាប់ឱ្យរុស្ស៉ីធ្វើតាមចិត្ត ឬវាយប្រហារលើសមាជិក NATO ណាមួយដែលមិនបានចូលរួមបង់វិភាគទាន ឬបង្កើនកញ្ចប់ថវិកាយោធា។
ជាការពិតណាស់ ថាតើលោក ដូណាល់ ត្រាំ អាចនឹងធ្វើដូចមាត់និយាយឬក៏អត់? គេត្រូវរង់ចាំមើលសិន។ ប៉ុន្តែ រដ្ឋបាលថ្មីមួយរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងមិនសូវខ្វាយខ្វាល់ពីអារម្មណ៍ របស់អ្នកនយោបាយអឺរ៉ុបនោះទេ ដោយលោកនឹងផ្ដោតទៅលើការប្រជែងជាមួយចិន ដែលលោកផ្ទាល់ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់សហរដ្ឋអាមេរិក។
* ចិន
ក្រុមអ្នកវិភាគជាច្រើន បាននិយាយថារវាងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស មិនថានរណាជាប់ឆ្នោតជាប្រធានាធិបតីនោះទេ ក៏ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន នឹងនៅដដែល ទាស់ត្រង់ថាការប្រជែងនេះនឹងក្ដៅប៉ុនណាក្រោមអាណត្តិរបស់លោក ត្រាំ។ ប៉ុន្តែ មនុស្សមួយចំនួននៅក្នុងប្រទេសចិន អាចនឹងមើលឃើញថាការវិលត្រឡប់មកវិញរបស់លោក ត្រាំ អាចជារឿងល្អសម្រាប់ចិន ដ្បិតមនុស្សដូចជាលោក ត្រាំ អាចនឹងបង្កការសង្ស័យដល់សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តដូចជា កូរ៉េខាងត្បូង ជប៉ុន និងហ្វីលីពីន ដែលលោកប្រធានាធិបតី ចូ បៃដិន បានព្យាយាមយ៉ាងខ្លាំង ដើម្បីស្ដារទំនុកចិត្តរបស់ពួកគេឡើងវិញ នៅក្នុងអាណត្តិរបស់លោក ក្រោយរងភាពរកាំរកូសនៅក្រោមអាណត្តិទី១ជាប្រធានាធិបតីរបស់លោក ត្រាំ។
លើសពីនេះ ចិនក៏ប្រហែលជាកំពុងញញឹមក្នុងចិត្តផងដែរចំពោះអ្វីដែលលោក ត្រាំ ធ្លាប់បាននិយាយ។ លោក ត្រាំ បានអះអាងថាតៃវ៉ាន់មិនបានផ្ដល់អ្វីដល់សហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងលួច ឧស្សាហកម្មបន្ទះឈីបពីសហរដ្ឋអាមេរិកទៀតផង។ ដូច្នេះតើចាំបាច់អ្វីដែលសហរដ្ឋអាមេរិកត្រូវដើរតួនាទីដូចជាក្រុមហ៊ុនធានារ៉ាប់រងឱ្យតៃវ៉ាន់តទៅទៀត។ មួយវិញទៀត ក្រុមហ៊ុនជាច្រើនរបស់អ្នកជំនួញអាមេរិក ដែលជាអ្នកគាំទ្រលោក ត្រាំ និងមានផលប្រយោជន៍រកស៊ីជាមួយចិន ដូចជាលោក Elon Musk ប្រហែលជាអាចនឹងបញ្ចុះបញ្ចូលរដ្ឋបាលថ្មីរបស់លោក ត្រាំ បន្ធូរដៃខ្លះៗក្នុងការប្រកាន់គោលជំហរតឹងរ៉ឹងរបស់ខ្លួន ចំពោះចិន។ ប៉ុន្តែ ផ្អែកលើគោលនយោបាយ America First លោកពិបាកនឹងបន្ធូរដៃណាស់ ឬក៏អាចលេងធម៌ក្ដៅខ្លាំងជាងគណបក្សប្រជាធិបតេយ្យទៀតផង ស្របពេលអ្នកនយោបាយនៃគណបក្សទាំង២ សុទ្ធតែចាត់ទុកចិនជាសត្រូវភូមិសាស្ត្រនយោបាយទី១។
* សង្គ្រាម២
នៅអាណត្តិថ្មី រដ្ឋបាលលោក ត្រាំ នឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗ នោះគឺសង្រ្គាមនៅអ៊ុយក្រែន និងសង្រ្គាមនៅហ្កាហ្សា រួមទាំងនៅលីបង់។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កន្លងមកនេះ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើលោកក្លាយជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែគ្រាន់តែនិយាយ វាមិនស្រួលដូចធ្វើនោះទេ។ ម្យ៉ាងទោះបីជាលោក ត្រាំ ចង់បានកិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ីក៏ដោយ តែប្រជាជនអាមេរិកភាគច្រើនលើសលុបនៅតែមានគំនិតប្រឆាំងនឹងលោក វ្ល៉ាឌីមៀ ពូទីន ហើយលោក ត្រាំ ក៏ទំនងជានឹងមិនប្រថុយចុះ កិច្ចព្រមព្រៀងនោះដែរ ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវធ្វើឡើងដោយត្រូវពឹងផ្អែកលើសុច្ឆន្ទៈរបស់ចិនក្នុងការបញ្ចុះបញ្ចួលឱ្យរុស្ស៉ីចូលតុចរចា។ បន្ថែមពីលើនេះ បើលោក ត្រាំ បរាជ័យបញ្ចុះបញ្ចូលលោក ពូទីន លោកក៏ត្រូវប្រឈមមុខនឹងជម្រើសបង្កើនជំនួយយោធាឱ្យអ៊ុយក្រែន ឬត្រូវធ្វើយ៉ាងណាធានាឱ្យបានថាលោក ពូទីននឹងមិនអាចឈ្នះនៅអ៊ុយក្រែន ឬក៏រកវិធីដាក់សម្ពាធលើលោក ពូទីន ឱ្យត្រឡប់មករកតុចរចា។ និយាយជារួម គ្មានវិធីណាមួយងាយស្រួលនោះទេ។
ការវិលត្រឡប់មកវិញរបស់លោក ត្រាំ ក៏មិនប្រាកដថានឹងធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាល្អប្រសើរឡើងនោះដែរ។ លោក ត្រាំ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយអ្នកទាំង២ធ្លាប់បានធ្វើការរួមគ្នា ដើម្បីដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨។ លោក Jason Brodsky ជានាយកគោលនយោបាយនៃស្ថានប័ន United Against Nuclear Iran បាននិយាយថាអាណត្តិទី២របស់លោក ត្រាំ នឹងក្លាយជាសក្ខីភាពនៃការវិលត្រឡប់មកវិញនូវយុទ្ធនាការដាក់សម្ពាធ និងសកម្មភាពកំញើញដ៏ខ្លាំងក្លា ប្រឆាំងនឹងរបបដឹកនាំអ៉ីរ៉ង់។
* Global South
សហរដ្ឋអាមេរិក នៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានរងការចោទប្រកាន់ពីក្រុមប្រទេស Global South ថាបានអនុវត្តស្ដង់ដារ២ ដោយគាំទ្រភាពជារដ្ឋរបស់អ៊ុយក្រែន តែមិនបដិសេធមិនទទួលស្គាល់ ប៉ាឡេស្ទីន ហើយចូលចិត្តប្រើប្រាស់ការដាក់ទណ្ឌកម្មដើម្បីសម្លុតគំរាមឱ្យគេឯងដើរតាមគោលនយោបាយរបស់ខ្លួន។ មកទល់នឹងពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថាស្ថានការណ៍នឹងមានស្ថានភាព ល្អប្រសើរឡើងនៅក្រោមអាណត្តិរបស់លោក ត្រាំ និងលោក JD Vance នោះទេ។ ទាំងលោក ត្រាំ និងលោក JD Vance ត្រូវបានគេមើលឃើញថាហាក់មិនសូវខ្វាយខ្វល់ពីបញ្ហាដែលបណ្ដាប្រទេសក្រីក្រកំពុងប្រឈម នោះឡើយ។ ដូច្នេះប្រសិនបើរដ្ឋបាលថ្មីរបស់លោក ត្រាំ ពិតជាកាត់បន្ថយកញ្ចប់ជំនួយទៅកាន់បរទេសដូចដែលខ្លួនបានគំរាមថានឹងធ្វើមែន នោះបណ្ដាប្រទេស Global South នឹងធ្វើការសន្និដ្ឋានថាសហរដ្ឋអាមេរិក ក៏ដូចគ្នាទៅមហាអំណាចដទៃទៀតដែរ គឺសម្លឹងឃើញថាផលប្រយោជន៍របស់ខ្លួនឯង ជាជាងគិតគូរពីមនុស្សជាតិទាំងមូល។ រឿងបែបនេះបើកើតឡើងវិញ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ សហរដ្ឋអាមេរិក ជាមួយចិន និងរុស្ស៉ី ជាពិសេសនៅឯអង្គការសហប្រជាជាតិជាទីដែលក្រុមប្រទេស Global South កំពុងក្លាយជាតួអង្គមួយដ៏សំខាន់ដែលមហាអំណាចធំៗ ប្រឹងអូសទាញឱ្យមកឈរនៅខាងខ្លួន៕