(វ៉ាស៊ីនតោន)៖ នៅទីបំផុតលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោតច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។

តាមរយៈលទ្ធផលបោះឆ្នោតនេះ លោក ដូណាល់ ត្រាំ​ អាយុ៧៨ឆ្នាំ នឹងក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក ​និងជាអាណត្តិ២របស់លោក ខណៈលោក J.D. Vance ឬ James David Vance នឹងក្លាយជាអនុប្រធានាធិបតីរបស់លោក។ បើតាមលទ្ធផលបោះឆ្នោតគិតត្រឹមយប់ម៉ោង ៧ លោក ត្រាំ ទទួលបានអង្គបោះឆ្នោត២៧៧ លើសពីចំនួន២៧០ ដែលលោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។

* តើលោក J.D. Vance ជានរណា?

លោក J.D. Vance មានអាយុ ៣៩ឆ្នាំ កើត និងធំដឹងក្ដីក្នុងទីក្រុង Middletown រដ្ឋ Ohio។ លោក Vance បានចូលបម្រើការក្នុងកងកម្លាំងម៉ារីនអាមេរិក និងធ្លាប់ចូលរួមបេសកកម្មក្នុងប្រទេសអ៉ីរ៉ាក់។ លោកបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យរដ្ឋ Ohio State University និងពីសាលាច្បាប់ Yale Law School។ លោកក៏ធ្លាប់បម្រើការជាអ្នក​វិនិយោគ​មូលធនក្នុងតំបន់ Silicon Valley ផងដែរ។ លោក Vance ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះក្រោយលោកចេញផ្សាយ សៀវភៅមួយក្បាលមួយចំណងជើងថា ​«Hillbilly Elegy» កាលពីឆ្នាំ២០១៦ ពោលក្នុងឆ្នាំតែមួយដែលលោក ត្រាំ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ជាលើកដំបូង។

ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៦ លោក Vance បានត្រឡប់ទៅកាន់រដ្ឋ Ohio ហើយបានបង្កើតអង្គការមួយ ប្រឆាំងនឹងអាភៀន។ លោកធ្លាប់ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តិយសក្នុងទិវា Republican Lincoln Day របស់គណបក្សសាធារណរដ្ឋជាទីដែលប្រវត្តិតស៊ូ ដ៏លំបាករបស់លោក រួមទាំងមានម្ដាយជាអ្នកញៀនថ្នាំត្រូវបានលាតត្រដាង។ លោក Vance បានឈានជើងចូលឆាកនយោបាយក្នុងឆ្នាំ២០២១ ក្នុងពេលមួយ ដែលលោកព្យាយាមស្វែងរកការឈរឈ្មោះដណ្ដើមកៅអីព្រឹទ្ធសភានៅទំនេរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋលោក Rob Portman ចូលនិវត្តន៍។

លោក Vance បានក្លាយជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio នៅខែមករា ឆ្នាំ២០២៣។ លោក Vance ធ្លាប់ជាមនុស្សម្នាក់រិះគន់ លោក ត្រាំ ហើយថែមទាំងធ្លាប់ប្រៀបប្រដូចលោក ត្រាំ ជាមួយ Adolf Hitler ទៀតផង។ តែក្រោយមក បែរជាអាចក្លាយជាមិត្តដ៏ស្មោះត្រង់ម្នាក់របស់លោក ត្រាំ។ ការតែងតាំងលោក Vance ជាមនុស្សក្នុងជំនាន់ millennial ធ្វើឡើងចំពេលមានការព្រួយបារម្ភពីវ័យកាន់តែចំណាស់របស់លោក ត្រាំ។

លោក Vance បានរៀបការជាមួយលោកស្រី Usha Vance និងមានកូនចំនួន៣នាក់មានឈ្មោះ Ewan, Vivek និង Mirabel៕