(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃពុធនេះបានជួបប្រជុំគ្នាជាបន្ទាន់ តាមរយៈការសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីផលជះ នៃការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកកាន់តំណែងប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

មេដឹកនាំទាំងពីរ បានសន្យាថានឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងសហភាពអឺរ៉ុប និងការពារផលប្រយោជន៍របស់អឺរ៉ុប ក្នុងបរិបទថ្មីនេះ។

លោក Macron បានសរសេរនៅលើបណ្តាញសង្គម X ថា «ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែង ដើម្បីពង្រឹងឯកភាព និងអធិបតេយ្យភាពរបស់អឺរ៉ុប ក៏ដូចជាការពារផលប្រយោជន៍ និងគុណតម្លៃរបស់អឺរ៉ុប ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក៏បានគ្រោងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តរួម ជាពិសេសទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ថ្បិតថាមានការព្រួយបារម្ភថា លោក ត្រាំ អាចនឹងមិនគាំទ្រអ៊ុយក្រែន ដូចរដ្ឋបាល បៃដិន នោះទេ។

គួរបញ្ជាក់ថា ការវិលត្រឡប់របស់លោក ត្រាំ មកកាន់តំណែងប្រធានាធិបតីអាមេរិក បានបង្កើតការប្រុងប្រយ័ត្ន និងការព្រួយបារម្ភក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលធ្លាប់មានទំនាក់ទំនងមិនល្អជាមួយលោកកាលពីអាណត្តិមុន។ មេដឹកនាំទាំងនោះកំពុងតែរៀបចំយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ និងការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប៕