(វ៉ាស៊ីនតោន)៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក វិមានក្រឹមឡាំង បានបង្ហាញការប្រុងប្រយ័ត្ន ដោយនិយាយថា សហរដ្ឋអាមេរិកនៅតែជារដ្ឋអរិភាព ហើយពេលវេលានឹងប្រាប់ថា តើការសន្យារបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន នឹងក្លាយជាការពិតឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសារភាពថា លោក ត្រាំ ធ្លាប់បានបង្ហាញបំណងចង់បញ្ចប់សង្រ្គាមអ៊ុយក្រែន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសអរិភាព ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន។
ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុត ហើយលោក Peskov បានបញ្ជាក់ថា លោកមិនទាន់ដឹងថា តើប្រធានាធិបតី លោក Vladimir Putin មានគម្រោងអបអរសាទរលោក ដូណាល់ ត្រាំ ចំពោះជ័យជម្នះរបស់លោកឬយ៉ាងណានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក Trump ដើម្បីរួមចំណែកដល់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
លោក Kirill Dmitriev ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ក៏បានសម្តែងក្តីសង្ឃឹមស្រដៀងគ្នានេះដែរ ដោយលោកជឿជាក់ថា ជ័យជម្នះរបស់លោក ត្រាំ អាចជាឱកាសដើម្បីធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ប្រសើរឡើងវិញ៕