(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសម្តែងការចូលរួមអបអរសាទរទៅកាន់ លោក ដូណាល់ ត្រាំ សម្រាប់ជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយបានបង្ហាញក្តីសង្ឃឹមថា អាណត្តិប្រធានាធិបតីរបស់លោក ត្រាំ នឹងអាចនាំយកសន្តិភាពប្រកបដោយយុត្តិធម៌មកកាន់តែកៀក សម្រាប់សង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំពេញចិត្តចំពោះការប្តេជ្ញារបស់លោក ត្រាំ ចំពោះគោលជំហរនៃការប្រើប្រាស់​អំណាចយោធា ដើម្បីសម្រេចបានសុខសន្តិភាព នៅក្នុងកិច្ចការពិភពលោក។ នេះហើយគឺជាគោលការណ៍ ដែលអាចនាំសន្តិភាព​ប្រកបដោយយុត្តិធម៌ មកកាន់តែកៀក សម្រាប់វិបត្តិអ៊ុយក្រែន»។ លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញសញ្ញាជាច្រើនលើកថា រូបលោកអាចនឹងកាត់បន្ថយ ឬបញ្ឈប់តែម្តងនូវការផ្តល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ហើយថែមទាំងអះអាងថា ប្រសិនបើជាប់ឆ្នោត លោកនឹងមិនប្រើពេលយូរឡើយ ដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន។

គួរបញ្ជាក់ថា អ៊ុយក្រែន ត្រូវពឹងផ្អែកលើដៃគូអន្តរជាតិ ដើម្បីបំពេញតម្រូវការផ្នែកយោធា មនុស្សធម៌ និងហិរញ្ញវត្ថុ ទើបអាចរក្សា​សេដ្ឋកិច្ចប្រទេស ឱ្យនៅដំណើរការបាន ហើយបន្តមានសមត្ថភាពប្រយុទ្ធតស៊ូ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ដែលបាន​ចាប់ផ្តើម តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។ គិតត្រឹមខែតុលាកន្លងទៅ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាសរុបជាទឹកប្រាក់​លើស ៦៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមឈ្លានពានរុស្ស៉ីផ្ទុះឡើង៕