(សេអ៊ូល)៖ ការិយាល័យលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា នេះថា ទីក្រុងសេអ៊ូល នឹងកសាងភាពជាដៃគូសន្តិសុខល្អឥតខ្ចោះ ជាមួយរដ្ឋបាលអាមេរិកថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ខណៈការរាប់សន្លឹកឆ្នោតនៅសហរដ្ឋអាមេរិក កំពុងបន្តប្រព្រឹត្តទៅជាមួយនិងលទ្ធផលជ័យជម្នះ ត្រូវបានរំពឹងយ៉ាងទូលំទូលាយ ថានឹងបានទៅលើលោក ដូណាល់ ត្រាំ មន្រ្តីថ្នាក់ខ្ពស់មួយរូបនៃការិយាល័យរបស់ លោក Yoon បានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី Yoon ត្រូវបានគេរំពឹងថានឹងជជែកជាមួយ ប្រធានាធិបតីជាប់ឆ្នោត នៅប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ខណៈដែល លោក ត្រាំ អាចត្រលប់មកដឹកនាំសេតវិមានជាថ្មី ទំនាក់ទំនងមួយដែលអាចរងផលប៉ះពាល់ នោះគឺសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង។ កាលពីអាណត្តិទី ១ លោក ត្រាំ ធ្លាប់លើកឡើងម្តងហើយម្តងទៀត ជុំវិញការបង់ប្រាក់មិនគ្រប់គ្រាន់ សម្រាប់វត្តមានយោធាអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានោះ ក៏មានកត្តាជាច្រើនទៀតលើសពីបញ្ហារបស់កូរ៉េខាងជើង ដែលបានធ្វើតេស្តលើទំនាក់ទំនងអាមេរិក-កូរ៉េខាងត្បូង អំឡុងរដ្ឋបាលរបស់ លោក ត្រាំ៕