(តៃប៉ិ)៖ មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូប របស់កោះតៃវ៉ាន់ បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្ត ទំនាក់ទំនងល្អរបស់ខ្លួន ចំពោះតៃវ៉ាន់ នៅបន្ទាប់ពីការបោះឆ្នោត ហើយតៃវ៉ាន់ខ្លួនឯង ក៏នឹងធ្វើការដើម្បី​រារាំង​​ចិន​ពី​ការ​បង្កើត​បញ្ហា​ណាមួយ ក្នុង​អំឡុង​ពេល​អន្តរកាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសភា ប្រធានការិយាល័យសន្តិសុខជាតិ លោក Tsai Ming-yen បានលើកឡើងថា «ទាក់ទងនឹងច្រកសមុទ្រតៃវ៉ាន់ យើងជឿជាក់ថាសហរដ្ឋអាមេរិក នឹងបន្ត​វិធីសាស្ត្រ​បច្ចុប្បន្ន​របស់​ខ្លួន​ ក្នុង​ការ​ដាក់​កំហិត​ចិន ហើយនៅតែ​ជា​មិត្ត​ជាមួយ​តៃវ៉ាន់»

លោកថា តៃវ៉ាន់ នឹងបន្តទំនាក់ទំនងជាមួយរដ្ឋបាលបច្ចុប្បន្ន ដោយផ្តោតលើបញ្ហាសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលបន្ទាប់ ហើយធ្វើការជាមួយដៃគូអន្តរជាតិ ផ្លាស់ប្តូរព័ត៌មានជុំវិញចេតនា ឬសកម្មភាពយោធាចិន អំឡុងពេលអន្តរកាលនេះ។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ។

គួរបញ្ជាក់ថា អំឡុងយុទ្ធនាឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់និយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារឱ្យអាមេរិក ហើយថែមទាំងបានចោទប្រកាន់កោះនេះ ថាបានលួចអាជីវកម្ម semiconductor របស់សហរដ្ឋអាមេរិកទៀតផង៕