Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសឥណ្ឌា៖ អាមេរិកនឹងកាន់តែឯកោ ទោះនរណាក្លាយជាប្រធានាធិបតីថ្មីក៏ដោយ (Video inside)

06-11-2024 13:40

(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយនៅថ្ងៃពុធ ទី៦ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក ទំនងជានឹងកាន់តែឯកោខ្លាំង បើទោះបីជានរណា នឹងក្លាយជាប្រធានាធិបតីបន្ទាប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយសំដៅដល់ភាពស្ទាក់ស្ទើរ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយ និងដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រោមអាណត្តិដឹកនាំរបស់ លោក ចូ បៃដិន លោក Jaishankar គូសបញ្ជាក់ថា «ប្រហែល តាំងពីអតីតប្រធានាធិបតី លោក Barack Obama មក សហរដ្ឋអាមេរិកកាន់តែប្រុងប្រយ័ត្ន ចំពោះការប្តេជ្ញាចិត្តជាសកលរបស់ខ្លួន»

លោក Jaishankar បន្ថែមថា «លោក ត្រាំ ប្រហែលជាច្បាស់លើបញ្ហានេះ។ ប្រសិនបើយើងវិភាគទៅ ខ្ញុំគិតថា យើងត្រូវតែត្រៀមខ្លួន សម្រាប់ពិភពលោកមួយ ដែលការគ្រប់គ្រង និងភាពសប្បុរសដែលសហរដ្ឋអាមេរិកមាន កាលពីដើម ថាប្រហែលជា មិនអាចបន្តទៅមុខទៀតនោះទេ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌា ធ្វើឡើងក្នុងអំឡុងព្រឹត្តិការណ៍មួយ នៅទីក្រុងកង់បេរ៉ា ចំពេលដែលសហរដ្ឋអាមេរិក កំពុងរាប់សន្លឹកឆ្នោត។ តាមលោក Jaishankar ក្រោយការ​បោះឆ្នោត​ ស្ថានការណ៍ទំនង​ជា​មិន​បញ្រ្ចាស់ពី​អ្វី​ ដែល​លោក​ហៅ​ថា ជា​និន្នាការ​រយៈពេល​វែង​ នៃ​គោល​នយោបាយ​​អាមេរិក​នោះ​ទេ៕