(វ៉ាស៉ីនតោន)៖ គណបក្សសាធារណរដ្ឋ បានឈ្នះការគ្រប់គ្រងនៅព្រឹទ្ធសភាអាមេរិក ក្រោយទទួលជ័យជម្នះនៅរដ្ឋ West Virginia និង Ohio ដែលប្រការនេះធានាថា គណបក្សរបស់លោក ដូណាល់ ត្រាំ នឹងគ្រប់គ្រងសភាអាមេរិក យ៉ាងហោចណាស់ក៏ចំនួនមួយដែរ នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រោយទទួលជ័យជម្នះនៅរដ្ឋ West Virginia និង Ohio គណបក្សសាធារណរដ្ឋ នឹងគ្រប់គ្រងអាសនៈចំនួនយ៉ាង៥១ ទល់នឹង៤៩ នៅព្រឹទ្ធសភាអាមេរិក។ យ៉ាងណាមិញ សម្រាប់ការគ្រប់គ្រងនៅឯរដ្ឋសភាអាមេរិក ឬហៅថា សភាតំណាងរាស្រ្ត គឺមិនទាន់ច្បាស់ថា នឹងបានទៅលើគណបក្សសាធារណរដ្ឋ ឬក៏គណបក្សប្រជាធិបតេយ្យឡើយ ក្នុងការបោះឆ្នោតអាណត្តិថ្មីនេះ។ បច្ចុប្បន្ន បក្សសាធារណរដ្ឋ កំពុងគ្រប់គ្រងសភាតំណាងរាស្រ្ត ក្នុងចំនួនអាសនៈមិនសូវដាច់ឆ្ងាយប៉ុន្មានទេ គឺ២២០អាសនៈ ស្របពេល​បក្សប្រជាធិបតេយ្យ កាន់កាប់២១២អាសនៈ។

គួរបញ្ជាក់ថា ជ័យជម្នះរបស់បក្សសាធារណរដ្ឋនៅព្រឹទ្ធសភា គឺស្របពេលដែលការរាប់សន្លឹកឆ្នោតកំពុងតែបន្ត និងបង្ហាញថា លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីរបស់បក្សនេះ កំពុងតែនាំមុខបេក្ខជនបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស និងមានឱកាសខ្ពស់ ក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ហើយត្រឡប់​មកកាន់តំណែងជាមេដឹកនាំអាមេរិក សាជាថ្មីម្តងទៀត៕