(វ៉ាស៉ីនតោន)៖ ស្ថានទូតរុស្ស៉ីប្រចាំរដ្ឋធានីវ៉ាស៉ីនតោន បានចេញមុខច្រានចោល សេចក្តីរាយការណ៍ដែលថា ករណីបំភិតបំភ័យបំផ្ទុះ​គ្រាប់បែក តាមកន្លែងបោះឆ្នោត នៅរដ្ឋសំខាន់ៗចំនួន៤ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក មានប្រភពចេញមកពីដែនសារអ៉ីម៉ែល (email domain) របស់រុស្ស៉ី ហើយជាផ្នែកមួយ នៃប្រតិបត្តិការជ្រៀតជ្រែកដំណើរការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Al Jazeera នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធអាមេរិក FBI បាននិយាយថា មានការគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមមណ្ឌលបោះឆ្នោតមួយចំនួន ក្នុងរដ្ឋ Georgia, Michigan, Arizona និង Wisconsin ហើយការបំភិតបំភ័យទាំងនោះ ភាគច្រើនហាក់មានប្រភពចេញមកពី​ email domain របស់រុស្ស៉ី ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការគំរាមកំហែងណាមួយ ត្រូវបានកំណត់ថា ជាអាចជឿជាក់បាននោះទេ។

ស្ថានទូតរុស្ស៉ីប្រចាំរដ្ឋធានីវ៉ាស៉ីនតោន បាននិយាយថា ការចោទប្រកាន់រុស្ស៉ីអំពីការលូកលាន់ ក្នុងដំណើរការបោះឆ្នោតអាមេរិក គឺជាការបង្កាច់បង្ខូចដោយមានចេតនាអាក្រក់។ ស្ថានទូតរុស្ស៉ី បានសង្កត់ធ្ងន់ថា «យើងចង់បញ្ជាក់ថា រុស្ស៉ីមិនជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត រួមទាំងសហរដ្ឋអាមេរិក ផងដែរ។ ដូចដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ធ្លាប់បញ្ជាក់​ម្តងហើយម្តងទៀតយ៉ាងដូច្នោះថា ពួកយើងគោរពឆន្ទៈរបស់ប្រជាជនអាមេរិក»

គួរបញ្ជាក់ថា ក្រុមមន្រ្តីស៉ើបការណ៍សម្ងាត់អាមេរិក ធ្លាប់ចោទប្រកាន់រុស្ស៉ីថា បានជ្រៀតជ្រែកដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីអាណត្តិមុនៗ ជាពិសេស តាមរយៈប្រតិបត្តិការអ៉ីនធើណិត អំឡុងការបោះឆ្នោតឆ្នាំ២០១៦ ដែលបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ បានយកជ័យជម្នះលើ​បេក្ខជនបក្សប្រជាធិបតេយ្យនាពេលនោះ គឺលោកស្រី ហ៉ីលឡារី គ្លីនតុន៕