Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណៈអាមេរិកកំពុងរៀបចំការបោះឆ្នោត មានជនអន្តោប្រវេសន៍ ៣,០០០នាក់ សម្រុកទៅកាន់ភាគខាងជើងមិកស៉ិក (Video inside)

06-11-2024 10:40

(ម៉ិកស៉ីកូ)៖ ជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ប្រហែល ៣,០០០នាក់ បាននាំគ្នាមកកាន់ភាគខាងជើងប្រទេសម៉ិកស៉ិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងបំណងឆ្ពោះមកកាន់សហរដ្ឋអាមេរិក ដែលកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

បញ្ហាអន្តោប្រវេសន៍ ត្រូវបានគេមើលឃើញថា គឺជាចំណុចដ៏សំខាន់អំឡុងយុទ្ធនាការឃោសនា មុនការបោះឆ្នោតនៅអាមេរិក។ សាក្សី Reuters បានឱ្យដឹងថា មុនពេលឆ្ពោះទៅភាគខាងជើង ក្រុមជនអន្តោប្រវេសន៍ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Tapachula រដ្ឋ Chiapas ភាគខាងត្បូងម៉ិកស៉ិក។ ជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេសហុងឌូរ៉ាស់ លោក Roy Murillo បាននិយាយថា «យើងចង់ឱ្យអាជ្ញាធរអាមេរិក មកឃើញពួកយើង ជាអ្នកដែលគ្រាន់តែចង់បានការងារធ្វើ ហើយមិនធ្វើបាបនរណាទេ»។ ជនអន្តោប្រវេសន៍ម្នាក់ទៀតនិយាយថា «ខ្ញុំសង្ឃឹមថា លោក ត្រាំ ក៏ដូចជាលោកស្រី ហារីស មើលឃើញថាពួកយើងជាមនុស្ស ដែលយើងគ្រាន់តែចង់រស់នៅ និងចិញ្ចឹមក្រុមគ្រួសាររបស់យើងប៉ុណ្ណោះ»

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ ធ្វើដំណើរជាក្រុម ជាមួយនិងក្តីរំពឹងថា អាចចូលទៅកាន់សហរដ្ឋអាមេរិក តាមច្រកព្រំដែនពីប្រទេសម៉ិកស៉ិក។ Tapachula ដែលជាចំណុចឆ្លងកាត់ នៃជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ បានក្លាយជាទីក្រុង ដែលមានហិង្សាច្រើនបំផុតមួយ របស់ម៉ិកស៉ិក ដោយជារឿយៗ ជនអន្តោប្រវេសន៍ ត្រូវកំណត់ជាគោលដៅពីក្រុមឧក្រិដ្ឋជន៕