(វ៉ាស៊ីនតោន)៖ លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ បាននិងកំពុងចេញផ្សាយជាបណ្ដើរៗហើយ ខណៈពិភពលោកកំពុងអ៊ុតមើលថាតើរវាងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ នរណានឹងក្លាយជាប្រធានាធិបតីក្នុងអាណត្តិថ្មីនេះ។ នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រដ្ឋនីមួយៗក្នុងចំណោមរដ្ឋ ទាំង៥០ នឹងត្រូវរៀបចំការបោះឆ្នោតរៀងៗខ្លួន ដើម្បីជ្រើសរើស ប្រធានាធិបតី។ ដើម្បីក្លាយជាប្រធានាធិបតី លោកស្រី ហារីស ឬលោក ត្រាំ ត្រូវតែប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០ ឡើងទៅ ក្នុងចំណោមអង្គបោះឆ្នោតទាំង៥៣៨រូប ខណៈថាតើនរណានឹងមានវាសនាដឹកនាំសេតវិមាន នឹងត្រូវបានសម្រេចនៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគេហៅថា «swing states»។
នៅសហរដ្ឋអាមេរិក មានរដ្ឋមួយចំនួនតែងតែបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋរហូត នៅគ្រប់ការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៨០មក ដែលគេហៅជាទូទៅថា «រដ្ឋពណ៌ក្រហម»។ ចំណែក រដ្ឋមួយចំនួន តែងតែបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យរហូត នៅគ្រប់ការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៩២មក ដែលគេហៅថា «រដ្ឋពណ៌ខៀវ»។ ដូច្នេះនៅតាមរដ្ឋ ទាំងនេះ គេអាចដឹងពីលទ្ធផលបោះឆ្នោតជាមុនទៅហើយ។ ក៏ប៉ុន្តែនៅមានរដ្ឋមួយចំនួនទៀតដែលគេពិបាកទាយលទ្ធផលទុកជាមុន ហើយ រដ្ឋទាំងនោះត្រូវបានគេហៅថា «swing states»។
ជាធម្មតា មានរដ្ឋចំនួន១០ ត្រូវបានគេចាត់ទុក ឬជា swing states តែម្ដង។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ មានរដ្ឋចំនួន៧ ដែលគេចាត់ទុកថាជា swing states រួមមាន Arizona Georgia Michigan Nevada North Carolina Pennsylvania និង Wisconsin។ កន្លងមក រដ្ឋ Florida Ohio និងរដ្ឋ New Hampshire ក៏ស្ថិតនៅក្នុងបញ្ជី «swing states» ផងដែរ៕