(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងជម្លៀសអ្នកជំងឺជាង ១០០នាក់ រួមទាំងកុមារ ចេញពីតំបន់ហ្គាហ្សានៅថ្ងៃពុធសប្តាហ៍នេះ។ វាគឺជាការជម្លៀសអ្នកជំងឺដ៏កម្រមួយ អំឡុងពេលសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកជំងឺទាំងនោះ រួមមានអ្នកដែលមានរបួសសង្រ្គាម និងអ្នកមានជំងឺរ៉ាំរ៉ៃ។ ពួកគេនឹងត្រូវដឹកតាមរថយន្ត ឆ្លងកាត់ច្រក Kerem Shalom ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបន្ទាប់មក ហោះហើរទៅកាន់ប្រទេសអារ៉ាប់រួម និងរូម៉ានី ដើម្បីទទួលការព្យាបាល។

WHO បានសង្កត់ធ្ងន់ថា ការជម្លៀសនេះ គឺជាវិធានការពិសេស ហើយអង្គការនៅតែបន្តស្នើសុំឱ្យមានការជម្លៀសអ្នកជំងឺជាប្រចាំ ចេញពីតំបន់ហ្គាហ្សា។ បច្ចុប្បន្ន មានអ្នកជំងឺជាង ១២.០០០នាក់ កំពុងរង់ចាំការជម្លៀស។

ទោះជាយ៉ាងណា អ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការ អំពីផែនការជម្លៀសនេះនៅឡើយទេ។ ប៉ុន្តែ អង្គភាពមនុស្សធម៌យោធារបស់អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនកំពុងសហការជាមួយអង្គការអន្តរជាតិ ដើម្បីសម្របសម្រួលការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តនៅក្នុងតំបន់ហ្គាហ្សា៕