(ឡង់ដ៍)៖ អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការពារជាតិ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាហ្វ្រិកខាងត្បូង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អង់គ្លេសនៅអាហ្វ្រិក ដោយទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ៧.៦២ ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ការនាំចេញសំខាន់ៗរបស់អាហ្វ្រិកខាងត្បូងទៅកាន់អង់គ្លេស រួមមាន លោហៈដ៏មានតម្លៃ រថយន្ត និងផលិតផលកសិកម្ម។

ប្រទេសទាំងពីរ បានប្តេជ្ញាចិត្តអនុវត្ត «ផែនការកំណើនចក្រភពអង់គ្លេស-អាហ្វ្រិកខាងត្បូង» ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ ផែនការនេះរួមមាន កម្មវិធីបង្កើនការងារកសិកម្មនៅជនបទអាហ្វ្រិកខាងត្បូង និងជំរុញការនាំចេញទៅកាន់អង់គ្លេស។

រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង លោក Ronald Lamola បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ «កំណត់ឡើងវិញ» នូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩។

លើវិស័យការពារជាតិ ប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងពិភាក្សាអំពីការផ្លាស់ប្តូរថាមពលប្រកបដោយចីរភាព។

កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខរួមគ្នា៕