(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ ហ្វីលីពីនបានបង្គាប់ឱ្យមានការជម្លៀសប្រជាជន ស្តុកទុកស្បៀងអាហារ និងដាក់ត្រៀមកម្លាំងកងទ័ព ដើម្បីឆ្លើយតប ការវាយប្រហារពីព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះថា Yinxing។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានឱ្យដឹងថា នាពេលនេះ ចំណុចកណ្តាលនៃព្យុះទីហ្វុងខាងលើ ដែលមានកម្លាំងខ្យល់បក់ប្រមាណ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង គឺស្ថិតនៅចម្ងាយប្រហែលជិត៦០០គីឡូម៉ែត្រ ពីក្រុង Baler ក្នុងខេត្ត Aurora ភាគខាងកើតនៃ​ប្រទេសហ្វីលីពីន។ អាជ្ញាធរក្នុងតំបន់ បានអំពាវនាវឱ្យអ្នកទាំងឡាយ ដែលរស់នៅតាមសហគមន៍ដាច់ស្រយាល ជម្លៀសខ្លួនជាមុន ដោយសារក្រុមសង្រ្គោះ អាចនឹងពិបាកទៅធ្វើដំណើរទៅដល់ពួកគេ អំឡុងការវាយប្រហាររបស់ព្យុះ។ ជាមួយគ្នានេះ ស្បៀងអាហារ កំពុងត្រូវបានស្តុកទុក ហើយកងទ័ពត្រូវបានត្រៀម ដើម្បីជួយក្នុងកិច្ចប្រឹងប្រែងសង្រ្គោះជនរងគ្រោះ។

គួរបញ្ជាក់ថា បើតាមការព្យាករ ព្យុះ Yinxing អាចនឹងបោកបក់មកដល់ដីគោក នៅម្តុំខេត្ត Cagayan ភាគខាងជើងហ្វីលីពីន នៅចន្លោះ​យប់ថ្ងៃព្រហស្បតិ៍ ឬព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។ មនុស្សប្រមាណ២៤លាននាក់ អាចនឹងត្រូវរងផលប៉ះពាល់ដោយផ្ទាល់ពីព្យុះ។ វាគឺជាព្យុះទី៣ហើយ ក្នុងរយៈពេលតិចជាង១ខែ ដែលវាយប្រហារមកលើហ្វីលីពីន បន្ទាប់ពីព្យុះ Trami និងព្យុះ Kong-rey ដែលបានសម្លាប់មនុស្សសរុបចូលគ្នាចំនួន១៥១នាក់ និងបង្កឱ្យបាត់ខ្លួន២១នាក់៕