Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភូមិដូនតារបស់លោកស្រី ហារីស នៅឯប្រទេសឥណ្ឌា រៀបចំពិធីបន់ស្រន់ឱ្យលោកស្រី ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក

05-11-2024 14:55

(ឥណ្ឌា)៖ អ្នកស្រុកនៅភូមិមួយកន្លែងក្នុងប្រទេសឥណ្ឌា ដែលជាភូមិកំណើតរបស់ដូនតា បេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានរៀបចំពិធីបួងសួងមួយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ ដែលត្រូវជាថ្ងៃបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដើម្បីឱ្យលោកស្រីទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ជីតាខាងម្តាយរបស់លោកស្រី ហារីស ឈ្មោះ PV Gopalan បានកើតនៅភូមិឈ្មោះថា Thulasendrapuram ដែលសព្វថ្ងៃ ស្ថិតក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីជាងមួយសតវត្សរ៍មុន។ លោក Gopalan និងក្រុមគ្រួសារ បានធ្វើចំណាកស្រុក ទៅកាន់ទីក្រុង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu ជាទីដែលរូបលោកបានបម្រើការងារជា​មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ រហូតដល់ចូលនិវត្តន៍។ ក្រៅពីពិធីបន់ស្រន់ ពិធីអបអរសាទរ ក៏នឹងត្រូវប្រារព្ធឡើងផងដែរ នៅក្នុងភូមិ Thulasendrapuram ប្រសិនបើលោកស្រី ហារីស ពិតជាទទួលជ័យជម្នះមែន។

ភូមិខាងលើធ្លាប់បានទទួលការចាប់អារម្មណ៍រួចមកហើយ កាលពី៤ឆ្នាំមុន នៅពេលដែលអ្នកស្រុកក្នុងភូមិនេះ បាននាំគ្នាបួងសួង​ឱ្យ គណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហារីស ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ហើយក្រោយមក រៀបចំ​ពិធីអបអរសាទរ ការស្បថចូលកាន់តំណែងរបស់លោកស្រី ជាអនុប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិជាច្រើនកន្លងមកនេះ ការបោះឆ្នោតជ្រើសរើសរវាង លោកស្រី ហារីស និងគូប្រជែងរបស់លោកស្រី មកពីបក្សសាធាណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជាការប្រកួតប្រជែង ដែលប្រកៀកប្រកិតគ្នាបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត មានន័យថា វាទំនងនឹងត្រូវការពេលច្រើនថ្ងៃ ទម្រាំអាចសន្និដ្ឋានថា អ្នកណា​​ជាឈ្នះ៕