(ដាម៉ាស)៖ កងទ័ពអាកាសអ៉ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារលើទីស្នាក់ការចារកម្ម របស់ក្រុមហេសបូឡា ដែលស្ថិតនៅក្បែររដ្ឋធានីដាម៉ាស ប្រទេសស៉ីរី ខណៈដែលភាគីស៉ីរីនិយាយថា វាជាការវាយប្រហារកំណត់គោលដៅ លើទីតាំងជនស៉ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
បន្ថែមពីលើការបញ្ជាក់របស់កងទ័ពអាកាស យោធាអ៉ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយថា វាជាទីស្នាក់ការចារកម្មហេសបូឡា សាខានៅក្នុងប្រទេសស៉ីរី ដែលធ្វើការងារប្រមូលព័ត៌មានសម្ងាត់ឯករាជ្យ សម្របសម្រួល និងជាបណ្តាញវាយតម្លៃផងដែរ។ រីឯ ក្រសួងការពារជាតិស៉ីរី បានឱ្យដឹងថា អ៉ីស្រាអែល កំណត់គោលដៅលើទីតាំងរបស់ជនស៉ីវិល នៅភាគខាងត្បូងរដ្ឋធានីដាម៉ាស ហើយបានបង្កការខូចខាត។ តាមសេចក្តីរាយការណ៍ដំបូងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SANA ការវាយប្រហារកើតឡើង នៅតំបន់ Sayeda Zeinab។ ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរបួសនោះទេ។
គួរបញ្ជាក់ថា តំបន់ Sayeda Zeinab ជាទីតាំងឈរជើងដ៏រឹងមាំរបស់ហេសបូឡា ហើយក៏មានទីសក្ការបូជា Shi'ite ដ៏សំខាន់មួយ ដែលធ្លាប់រងការវាយប្រហារពីមុនផងដែរ។ Sayeda Zeinab នៅតែជាគោលដៅវាយប្រហាររបស់អ៉ីស្រាអែល ដោយសារវត្តមានក្រុមមេដឹកនាំជាន់ខ្ពស់ នៃក្រុមចលនាប្រដាប់អាវុធលីបង់ គាំទ្រដោយអ៉ីរ៉ង់មួយនេះ៕