(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងឥណ្ឌា បាននិយាយនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះថាពួកគេមានទំនុកចិត្តថាក្រុមប្រទេស Quad ដែលមានសមាជិកដូចជាសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនថារវាងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស នរណាជាប់ឆ្នោតប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងកង់បេរ៉ាថាលោកស្រីបានជួបជាមួយលោក Mike Pompeo ដែលធ្លាប់កាន់តំណែងជា រដ្ឋមន្ត្រីការបរទេសអាមេរិកនៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយមានកិច្ចពិភាក្សាដ៏ល្អ។ លោកស្រីបានបន្ថែមដូច្នេះថា «មិនថាលទ្ធផល បោះឆ្នោតយ៉ាងណានោះទេ យើងនឹងធ្វើការជាមួយអ្នកដែលត្រូវបានជ្រើសរើសដោយប្រជាជនអាមេរិក»។ បើតាមលោកស្រីប្រមុខការទូតអូស្ត្រាលី Quad មានតម្លៃជាទីបំផុតសម្រាប់ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយសារៈសំខាន់នេះនឹងនៅតែដដែល ទោះលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកចេញមកបែបណាក៏ដោយ។
ដូចគ្នាទៅនឹងលោកស្រី Wong ដែរ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា Quad ត្រូវបានស្ដារឡើងវិញនៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ ហើយឥណ្ឌាសង្ឃឹមថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនទៅមុខ មិនថានរណាក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា មេដឹកនាំចិនបានចោទប្រកាន់ថាក្រុមប្រទេស Quad ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលើចិន តែអូស្ត្រាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក អះអាងថាពួកគេមានបំណង ពង្រឹងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មេដឹកនាំ Quad កាលពីខែកញ្ញាកន្លងទៅ បានឯកភាពគ្នាលើការបង្កើនការធ្វើប្រតិបត្តិការល្បាតរួមគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការយោធា នៅក្នុងតំបន់៕