(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ការស្ទង់មតិជាច្រើនបានបង្ហាញថាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស និងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិងកំពុងស្ថិតនៅក្នុងការប្រកួតប្រជែងដ៏តានតឹងមួយដែលពិបាកនឹងសម្រេច អ្នកឈ្នះចាញ់។ ប៉ុន្តែ ក្នុងពេលដែលការបោះឆ្នោតអាមេរិកគឺជារឿងផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិកដែលចង់ឃើញបេក្ខជនដែលពួកគេពេញចិត្តកា្លយជាប្រធានាធិបតីរបស់ពួកគេ បណ្ដាប្រទេសដទៃជុំវិញពិភពលោកកំពុងរង់ចាំអ៊ុតមើលលទ្ធផលបោះឆ្នោតរវាងលោកស្រី និងលោក ត្រាំផងដែរ។ ដូច្នេះតើមេដឹកនាំដទៃទៀតចង់ឃើញនរណាដឹកនាំសេតវិមាន ក្នុងអាណត្តិថ្មី នេះ?
* ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានប្រកាសជាសាធារណៈថារូបលោកចង់ឱ្យលោកស្រី ហារីស ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ ក្រុមអ្នកវិភាគជឿថាអ្នកដែលលោក ពូទីន ចង់ឱ្យអង្គុយ តំណែងនេះគឺលោក ដូណាល់ ត្រាំ ទៅវិញ។ «លោក ពូទីន អាចនឹងពេញចិត្តឱ្យលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីក្រោមហេតុផលច្រើនយ៉ាង»។ នេះបើតាមលោក Timothy Ash ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Chatham House។ អ្នកជំនាញរូបនេះបន្ថែមថា «ហេតុផលដំបូងគេ នោះគឺលោក ពូទីន គិតថាលោក ត្រាំ មានជំហរទន់ភ្លន់ចំពោះរុស្ស៉ី ហើយអាចនឹងផ្ដល់ កិច្ចព្រមព្រៀងដ៏ធំមួយស្ដីពីអ៊ុយក្រែនសម្រាប់រូបលោក ព្រមទាំងអាចកាត់បន្ថយជំនួយយោធាសម្រាប់អ៊ុយក្រែន និងដកទណ្ឌកម្មចេញពីរុស្ស៉ី»។ បើតាមលោក Timothy Ash លោក ពូទីន ស្អប់ប្រព័ន្ធរបស់លោកខាងលិចសព្វថ្ងៃ ហើយលោកគិតថាលោក ត្រាំ នឹងបន្តគោលនយោបាយគាំពារនិយម នោះគឺតម្កល់ប្រយោជន៍អាមេរិកមុនគេ ឬ America First ដូចកាលអាណតិ្តទី១ របស់លោក ត្រាំ ដែលគេឃើញថាបានធ្វើឱ្យមានការបាក់បែកគ្នាជាមួយមេដឹកនាំ NATO និងអឺរ៉ុប។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគរុស្ស៉ីបាននិយាយថារវាងលោកស្រី ហារីស និងលោក ត្រាំ មិនថានរណាក្លាយជាប្រធានាធិបតីអាមេរិកនោះទេ ក៏ពួកគេនៅតែជឿជាក់ថាគំនិតស្អប់រុស្ស៉ីនឹងមិនរលាយបាត់ទៅណានោះទេ។ ចំណែក លោក ហ្សេលេនស្គីវិញ ដែលត្រូវការជំនួយគាំទ្រ ជាចាំបាច់ពីសហរដ្ឋអាមេរិក ប្រាកដណាស់គឺចង់ឱ្យលោកស្រី ហារីសជាប់ឆ្នោត ដើម្បីអាចឱ្យលោកស្រីបន្តគោលនយោបាយគាំទ្រអ៊ុយក្រែនរបស់រដ្ឋបាលលោក ចូ បៃដិន។
* ប្រធានាធិបតីចិន ស៊ី ជីនពីង
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនបាននិយាយជាសាធារណៈថារូបលោកពេញចិត្តលោក ត្រាំ ឬលោកស្រី ហារីសនោះឡើយ។ ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ សុទ្ធតែបង្ហាញពីការប្រកាន់គោលជំហរតឹងរ៉ឹងប្រឆាំងនឹងចិន។ នៅក្រោមអាណត្តិជាប្រធានាធិបតីរបស់លោក លោក ត្រាំ បានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន ជាមួយការដំឡើងពន្ធលើទំនិញ នាំចូលពីចិនក្នុងទំហំទឹកប្រាក់ ២៥០ពាន់លានដុល្លារកាលពីឆ្នាំ២០១៨។ ចិនបានវាយបកវិញដោយដំឡើងពន្ធលើផលិតផលអាមេរិកក្នុងទំហំទឹកប្រាក់ ១១០ពាន់លានដុល្លារ។
មិនមានសញ្ញាណាមួយបញ្ជាក់ថាលោក ត្រាំ អាចនឹងដកថយចេញពីសង្រ្គាមពាណិជកម្មជាមួយចិននោះទេ ក្នុងករណីដែលលោកជាប់ឆ្នោតជាថ្មី។ រីឯខាងគណបក្សប្រជាធិបតេយ្យក៏កំពុងបង្កើន កិច្ចប្រឹងប្រែងប្រឆាំងការកើនឡើងឥទ្ធិពលចិននៅជុំវិញពិភពលោកដែរ។ នៅពេលដែលក្លាយជាប្រធានាធិបតី លោក ចូ បៃដិន នៅតែរក្សាគោលការណ៍ដំឡើងពន្ធរបស់លោក ត្រាំ នៅដដែល ហើយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសដំឡើងពន្ធលើផលិតផលមួយចំនួននាំចូលពីចិន។ ប្រសិនបើជាប់ជាប្រធានាធិបតី លោកស្រី ហារីសត្រូវបាន គេរំពឹងថានឹងបន្តរក្សាគោលនយោបាយមួយផ្នែកធំរបស់លោក បៃដិន ចំពោះចិន។ បើទោះជាធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនក៏ដោយ លោក ត្រាំតែងតែលើកឡើងពីទំនាក់ទំនងល្អជាមួយ លោក ស៊ី ជីនពីង។ ជាក់ស្ដែង នៅបន្ទាប់ពីគេចផុតពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ លោក ត្រាំ បាននិយាយថាមេដឹកនាំពិភពលោកជាច្រើន ក្នុងនោះរួមមានទាំងលោក ស៊ី ជីនពីង បានហៅទូរស័ព្ទមកកាន់រូបលោក។ «ខ្ញុំមានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយលោក ស៊ី ជីនពីង។ គាត់ជាមនុស្សដ៏អស្ចារ្យ។ គាត់បានផ្ញើសារដ៏មានន័យមកកាន់ខ្ញុំ នៅពេលដែលគាត់ បានទទួលដំណឹងពីអ្វីដែលបានកើតឡើង (ការប៉ុនប៉ងធ្វើឃាត)»។ នេះជាការលើកឡើងរបស់លោក ត្រាំ ប្រាប់ទៅកាន់អ្នកគាំទ្រ។ ក៏ប៉ុន្តែ ទូរទស្សន៍អាមេរិក NBC News បានដកស្រង់សម្ដី ពីអតីតព្រឹទ្ធបុរសម្នាក់មកពីសាកលវិទ្យាល័យប៉េកាំង គឺលោក Jia Qingguo ដែលបាននិយាយថានៅពីក្រោយឆាក ក្រុមមន្ត្រីចិនប្រហែលជាងាកបន្តិចបន្តួចទៅខាងលោកស្រី ហារីស។
លោក Timothy Ash ក៏យល់ស្របដែរថាលោក ស៊ី ជីនពីង ប្រហែលជាអាចពេញចិត្តលោកស្រី ហារីស ដូចអ៉ីរ៉ង់ដែរដែលមិនចង់ឃើញការវិលត្រឡប់មកវិញរបស់លោក ត្រាំ។
* នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល មិនបាននិយាយជាសាធារណៈថាតើលោកគាំទ្រលោកស្រី ហារីស ឬលោក ត្រាំ នោះទេ។ ប៉ុន្តែក្រុមអ្នកវិភាគយល់ថាលោក ណេតាន់យ៉ាហ៊ូ ប្រហែលជាចង់ឱ្យលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ មានទំនាក់ទំនងល្អនឹងគ្នា តាំងពីអាណត្តិដំបូងរបស់លោក ត្រាំ មកម្ល៉េះ។ កាលពីឆ្នាំ២០១៩ នៅឯក្រុមប្រឹក្សាអ៉ីស្រាអែល- អាមេរិក លោក ត្រាំ បានលើកឡើងថារូបលោកគឺជាមិត្តដ៏ល្អបំផុតរបស់អ៉ីស្រាអែល ហើយនៅឆ្នាំ២០២០ លោក ណេតាន់យ៉ាហ៊ូ បាននិយាយ ក្នុងសេចក្ដីថ្លែងការណ៍មួយថាលោក ត្រាំគឺជាមិត្តដ៏ល្អបំផុតរបស់អ៉ីស្រាអែល។ ទំនាក់ទំនងរវាងលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ បានរង្គោះរង្គើ បន្ទាប់ពីលោក ចូ បៃដិន ជាប់ឆ្នោតជា ប្រធានាធិបតី។ នៅពេលលោក បៃដិន ស្បថចូលកាន់តំណែង លោក ណេតាន់យ៉ាហ៊ូ បានផ្ញើសារអបអរសាទរលោក បៃដិន ដែលធ្វើឱ្យលោក ត្រាំ ក្ដៅស្លឹកត្រចៀកដោយលោកបានលើកឡើង ក្នុងបទសម្ភាសន៍មួយថាលោកមានអារម្មណ៍ដូចជាត្រូវគេក្បត់។ តែយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមជួសជុលទំនាក់ទំនងឡើងវិញជាមួយលោក ត្រាំ ក្នុងនោះអំឡុង ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងខែកក្កដា ឆ្នាំនេះ លោក ណេតាន់យ៉ាហ៊ូ បានទៅជួបលោក ត្រាំ ដល់រីសត Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida។
លោក ណេតាន់យ៉ាហ៊ូ ក៏បានបង្ហាញអារម្មណ៍រន្ធត់ផងដែរ នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាទំនាក់ទំនងសង្គម ក្រោយទទួលបានដំណឹងថាលោក ត្រាំ រងការប៉ុនប៉ងធ្វើឃាត នៅឯយុទ្ធនាការ ឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដា។ វីដេអូនេះត្រូវបានបង្ហោះឡើងវិញដោយលោក ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។
* មេដឹកនាំអឺរ៉ុប និង NATO
មេដឹកនាំអឺរ៉ុបភាគច្រើន បានបង្ហាញជំហរគាំទ្រលោកស្រី ហារីស។ «ខ្ញុំស្គាល់លោកស្រីច្បាស់។ លោកស្រីប្រាកដជានឹងក្លាយជាប្រធានាធិបតីល្អម្នាក់»។ នេះជាការលើកឡើងរបស់លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោក ត្រាំ បានគំរាមដកសហរដ្ឋអាមេរិកចេញពី NATO ជាច្រើនដង។ លើសពីនេះទៅទៀត កាលពីខែកុម្ភៈកន្លងទៅ លោក ត្រាំ បានធ្វើឱ្យមេដឹកនាំ NATO និងអឺរ៉ុបស្រងាកចិត្តជាខ្លាំង នៅពេលដែលលោកនិយាយថានឹងប្រាប់រុស្ស៉ីឱ្យវាយប្រហារលើសម្ព័ន្ធមិត្ត NATO ណាមួយដែលមិនបានបង្កើនកញ្ចប់ថវិកាយោធា ឱ្យបានគ្រប់គ្រាន់តាមផែនការកំណត់។ តែបើតាមសារព័ត៌មាន Politico ក្រុមទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ និងអ្នកជំនាញយោធាជាច្រើនយល់ថាវាមិនអាចទៅរួចឡើយដែលលោក ត្រាំនឹងដកសហរដ្ឋអាមេរិកចេញពី បក្សសម្ព័ន្ធយោធាមួយនេះ ពីព្រោះឥទ្ធិពល និងអំណាចរបស់សហរដ្ឋអាមេរិកផ្សារភ្ជាប់គ្នាជាមួយ NATO។
* នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី
ខណៈលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ អំឡុងអាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ លោក ម៉ូឌី ក៏បានស្ថិតនៅក្នុងចំណោម មេដឹកនាំពិភពលោកដំបូងគេដែលបានផ្ញើសារអបអរសាទរដល់ជ័យជម្នះរបស់លោក ចូ បៃដិន កាលពីឆ្នាំ២០២០ផងដែរ។ «ខ្ញុំមិនជឿនោះទេថាលោក ម៉ូឌី ពេញចិត្តអស់ពីចិត្ត អស់ពីថ្លើមចំពោះ បេក្ខជនម្នាក់ច្រើនជាងបេក្ខជនម្នាក់ទៀត»។ នេះបើតាមលោក Chietigj Bajpaee ជាអ្នកសា្រវជ្រាវជាន់ខ្ពស់ម្នាក់ពីតំបន់អាស៊ីខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិកមកពីវិទ្យាស្ថាន Chatham House។ បានន័យថារវាងលោកស្រី ហារីស និងលោក ត្រាំ ទោះនរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក៏ឥណ្ឌាមិនបារម្ភច្រើននោះដែរ ព្រោះដឹងថាសហរដ្ឋអាមេរិកនៅតែត្រូវការឥណ្ឌា ដើម្បី ទប់ទល់ជាមួយចិន។ ប៉ុន្តែ ទាស់ត្រង់ថាសម្រាប់លោក ម៉ូឌី បើលោក ត្រាំ ជាប់ឆ្នោត វាគឺជារឿងល្អម្យ៉ាង នោះក៏ដោយសារតែក្រោមការដឹកនាំសព្វថ្ងៃរបស់លោក ម៉ូឌី រដ្ឋាភិបាលឥណ្ឌាកំពុង រងការរិះគន់យ៉ាងខ្លាំងពីការរំលោភបំពានសិទ្ធិមនុស្ស ហើយលោក ត្រាំ ជាមនុស្សម្នាក់ដែលមិនសូវខ្វល់ខ្វាយនឹងបញ្ហាផ្ទៃក្នុងរបស់អ្នកដទៃ ក្នុងនោះរួមមានទាំងបញ្ហាសិទ្ធិមនុស្ស។
* កូរ៉េខាងត្បូង និងកូរ៉េខាងជើង
កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល មិនបានបង្ហើបជាសាធារណៈថាលោកពេញចិត្ត លោក ត្រាំ ឬលោកស្រី ហារីស ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ស្គាល់ភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្រោមអាណត្តិរបស់លោក បៃដិន។ នៅក្រោមអាណត្តិរបស់លោក ត្រាំ លោកធ្លាប់ចោទប្រកាន់កូរ៉េខាងត្បូងថាមិនបានបង់វិភាគទានគ្រប់គ្រាន់ដើម្បីទ្រទ្រង់កងទ័ពអាមេរិកដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង រហូតដល់ថ្នាក់គំរាមដកកងទ័ពអាមេរិកចេញទៀតផង។ ចំណែក រដ្ឋបាលរបស់លោក បៃដិន វិញ ហាក់មិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងនោះទេ។ ដូច្នេះហើយទើបកូរ៉េខាងត្បូង បានងាកទៅផ្ដោតលើ ការពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ លោក Edward Howell ជាសាស្ត្រាចារ្យម្នាក់ផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Oxford យល់ថា តាមរយៈការពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគី វាបាននំាទៅរកការរៀបចំកិច្ចប្រជុំ Camp David កាលពីឆ្នាំ២០២៣ រួមទាំងកិច្ចប្រជុំថ្នាក់ប្រធានាធិបតីរវាងលោក យូន និងលោក បៃដិន។ ដូច្នេះ អ្វីដែលកូរ៉េខាងត្បូងរំពឹងនោះគឺ ធានាឱ្យបានថាការគាំទ្ររបស់សហរដ្ឋអាមេរិកនឹងមិនធ្លាក់ចុះ នៅក្រោមអាណត្តិរបស់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកឡើយ។ ដោយឡែក នៅអំឡុង ថ្លែងសុន្ទរកថាទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋ លោក ត្រាំ បានលើកឡើងពីទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន ដោយបញ្ជាក់ថា «ខ្ញុំគិតគាត់ (លោក គីម) ប្រហែលជានឹកខ្ញុំ»។ នៅពេលនោះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឆ្លើយតបទៅវិញថា «មិនថានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះទេ...ក៏យើងមិន ខ្វល់នោះដែរ»។ ប៉ុន្តែក្រុមអ្នកវិភាគជឿថារវាងលោកស្រី ហារីស និងលោក ត្រាំ សុទ្ធតែជាជម្រើសមិនល្អក៏ដោយ ក៏លោក គីម ជុងអ៊ុន ប្រហែលជាចង់ឱ្យលោក ត្រាំ ត្រឡប់មកវិញ ដ្បិតលោក គីម ចង់ឃើញសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រកាំរកូសដូចកាលពីអាណត្តិទី១របស់លោក ត្រាំ ល្អប្រសើរជាងចង់ឃើញលោកស្រី ហារីស បន្តដើរតាមនយោបាយរបស់លោក បៃដិន ដែលបានពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ឱ្យកាន់តែរឹងមាំឡើង។
* ជប៉ុន
សម្រាប់ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ការវិលត្រឡប់មកវិញរបស់លោក ត្រាំ គឺមានន័យថាលោកនឹងបង្វែរការផ្តោតទៅលើគោលនយោបាយក្នុងស្រុក ហើយនឹងកាត់ បន្ថយកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដំឡើងពន្ធ ព្រមទាំងបង្ខំឱ្យជប៉ុនបង្កើនកញ្ចប់ថវិកាយោធា។ នេះបើតាមអត្ថបទវិភាគមួយចេញផ្សាយដោយគេហទំព័រជប៉ុន Nippon Communications Foundation។ តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយក្រុមមន្ត្រីនៃអតីតរដ្ឋបាលរបស់លោក ត្រាំ ក្នុងនោះរួមទាំងជាមួយលោក Bill Hagerty ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងតូក្យូ និងត្រូវបានគេព្យាករថាអាចនឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក ប្រសិនបើលោក ត្រាំ ជាប់ឆ្នោត។
* អូស្ត្រាលី
លោក Ben Doherty ជាអ្នកកាសែតអូស្ត្រាលីម្នាក់បាននិយាយនៅលើកាសែត The Guardian ថា សម្រាប់អូស្ត្រាលី ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នឹងបង្កើតជាសំណួរជាច្រើន។ លោក បន្តទៀតថាមនុស្សជាច្រើននៅក្នុងប្រទេសអូស្ត្រាលី ជឿជាក់ថាលោក ត្រាំ ទំនងជាមានបំណងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រសិនបើលោកជាប់ឆ្នោតជាថ្មី ដែលនេះ អាចនឹងធ្វើឱ្យក្រុមចម្រុះក្រៅផ្លូវក្រៅមួយស្ដីពីអាកាសធាតុផែនដី ឬគេស្គាល់ថា Umbrella Group ដែលមានអូស្ត្រាលីជាសមាជិកដែរនោះ អាចនឹងថយចុះឥទ្ធិពល។ អូស្ត្រាលីក៏មានទំនាក់ទំនង ពាណិជ្ជកម្មជាមួយចិនដែរ ដូច្នេះជ័យជម្នះរបស់លោក ត្រាំ អាចធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មជាមួយចិនផ្ទុះឡើងជាថ្មី ហើយចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអូស្ត្រាលីដូចគ្នាដែរ៕