(សាណា)៖ ក្រុមហ៊ូទី នៅយេម៉ែន បានប្រកាសថា ពួកគេនឹងបន្តរារាំងដំណើរនាវាដឹកទំនិញអ៉ីស្រាអែល ជាការឆ្លើយតបនឹងចំណាត់ការ របស់ក្រុមហ៊ុនដឹកជញ្ជូនអ៉ីស្រាអែល ដែលបានលក់ទ្រព្យសម្បត្តិនៃក្រុមហ៊ុនរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនផ្សេង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា​ ឆ្នាំ ២០២៤។

អ្នកនាំពាក្យហ៊ូទី លោក Yahya Sarea បាននិយាយថា តាមព័ត៌មានស៉ើបការណ៍ ក្រុ​មហ៊ុនជាច្រើន ដែលធ្វើប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រ ហើយមានទំនាក់ទំនងជាមួយសត្រូវរបស់អ៉ីស្រាអែល កំពុងលក់ និងផ្ទេរទ្រព្យសម្បត្តិពួកគេ ទៅឱ្យក្រុមហ៊ុនផ្សេងទៀត។ ហ៊ូទី នឹងមិនទទួលស្គាល់ការផ្លាស់ប្តូរកម្មសិទ្ធិណាមួយទេ ហើយមិនសហការជាមួយក្រុមហ៊ុនទាំងអស់នោះឡើយ។ ហ៊ូទី នឹងបន្តរំខានការដំណើរតាមផ្លូវទឹករបស់អ៉ីស្រាអែល ហើយកំណត់គោលដៅលើនាវាណា ដែលជាកម្មសិទ្ធិ ពាក់ព័ន្ធ ឬធ្វើដំណើរទៅកាន់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលជាចលនាប្រដាប់អាវុធមួយនៅយេម៉ែន និងជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ផងនោះ បាននិយាយថា ពួកគេកំពុងបង្កើនការវាយប្រហារ ដើម្បីសម្តែងការគាំទ្រចំពោះក្រុមហាម៉ាស និងក្រុមហេសបូឡា ប្រឆាំងនឹងសកម្មភាពរបស់អ៉ីស្រាអែល នៅក្នុងតំបន់មជ្ឈិមបូព៌ា៕