(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ក្រសួងការបរទេសអ៉ីស្រាអែល បានឱ្យដឹងថា អ៉ីស្រាអែលបានជូនដំណឹងជាផ្លូវការ ទៅកាន់អង្គការសហប្រជាជាតិ (UN) រួចរាល់ហើយ អំពីសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងរវាងអ៉ីស្រាអែល និងទីភ្នាក់ងារជួយជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៧មក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីខែតុលាកន្លងទៅ សភាអ៉ីស្រាអែល បានអនុម័តច្បាប់ហាមឃាត់ ទីភ្នាក់ងារ UNRWA មិនឱ្យធ្វើប្រតិបត្តិការនៅអ៉ីស្រាអែល តទៀតឡើយ និងហាមមិនឱ្យអាជ្ញាធរអ៉ីស្រាអែល ធ្វើកិច្ចសហការជាមួយទីភ្នាក់ងារនេះ។ UNRWA បានផ្តល់ជំនួយ និងការសិក្សាអប់រំ ដល់ជនជាតិប៉ាឡេស្ទីនរាប់លាននាក់ នៅតំបន់ West Bank និង Gaza។ ទីភ្នាក់ងារ UNRWA ត្រូវបានបង្កើតឡើង នៅក្រោយសង្រ្គាមឆ្នាំ១៩៤៨ ពោលគឺអំឡុងពេលកកើតប្រទេសអ៉ីស្រាអែល។
អ៉ីស្រាអែល បានរិះគន់ទីភ្នាក់ងារ UN មួយនេះ ជាយូរមកហើយ ដោយចោទថា មានភាពលម្អៀងប្រឆាំងអ៉ីស្រាអែល និងនិយាយថា UNRWA អូសបន្លាយជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន តាមរយៈការរក្សាឱ្យជនជាតិប៉ាឡេស្ទីន ស្ថិតក្នុងឋានៈជនភៀសខ្លួនជាអចិន្រ្តៃយ៍។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង នៅតំបន់ Gaza កាលពីខែតុលា ឆ្នាំមុន អ៉ីស្រាអែល ក៏បានអះអាងដែរថា ទីភ្នាក់ងារ UNRWA ត្រូវបានជ្រៀតចូលយ៉ាងជ្រៅ ដោយក្រុមហាម៉ាសនៅ Gaza ហើយចោទប្រកាន់ថា បុគ្គលិកមួយចំនួននៃទីភ្នាក់ងារនេះ បានចូលរួមសកម្មភាពវាយប្រហារអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ថែមទៀតផង។
គួរបញ្ជាក់ថា ច្បាប់ហាមឃាត់របស់អ៉ីស្រាអែល មិនចាត់ទុកប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA នៅ West Bank និង Gaza ជាអំពើខុសច្បាប់ផ្ទាល់តែម្តងឡើយ។ តំបន់ទាំងពីរនេះ ត្រូវបានច្បាប់អន្តរជាតិចាត់ទុក ស្ថិតនៅក្រៅរដ្ឋអ៉ីស្រាអែល ប៉ុន្តែជាក់ស្តែង ពួកវាគឺនៅក្រោមការត្រួតត្រារបស់អ៉ីស្រាអែល។ ប្រការនេះ នឹងបង្កផលប៉ះពាល់ជាខ្លាំង ដល់សមត្ថភាពធ្វើការរបស់ UNRWA នៅតំបន់ទាំងនោះ៕