Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ខណៈសង្រ្គាមឈានចូលរដូវរងាជាលើកទី៣

04-11-2024 15:47

(បែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ នាថ្ងៃចន្ទនេះ បាននិយាយថា អ៊ុយក្រែនបន្តត្រូវការការគាំទ្រ ដើម្បីអាចរស់រានមានជីវិត ស្របពេលដែលសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី កំពុងឆ្ពោះទៅរករដូវរងាជាលើកទី៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

អំឡុងទស្សនកិច្ចជាលើកទី៨ នៅអ៊ុយក្រែន ប្រមុខការទូតអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយដូច្នេះថា «យើងកំពុងទប់ទល់ភាពឃោរឃៅ តាមរយៈមនុស្សជាតិរបស់យើង និងការគាំទ្រ ដើម្បីជួយប្រជាជនអ៊ុយក្រែន ឆ្លងកាត់រដូវរងា ព្រមទាំងជួយប្រទេសរបស់ពួកគេ ឱ្យបន្តរស់រានមានជីវិត។ ព្រោះថា ពួកគេក៏កំពុងការពារសេរីភាពរបស់យើងទាំងអស់គ្នាផងដែរ នៅអឺរ៉ុបទាំងមូល»

លោកស្រី Baerbock បានធ្វើទស្សនកិច្ចមកកាន់ទីក្រុងកៀវ ជាលើកចុងក្រោយ កាលពីខែឧសភា។ អំឡុងទស្សនកិច្ចលើកនេះ លោកស្រី ត្រូវជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha។ លោកស្រី Baerbock ក៏បានឱ្យដឹងដែរថា ថ្មីៗនេះ អាល្លឺម៉ង់ បានបង្កើនជំនួយថាមពលបន្ទាន់ដល់អ៊ុយក្រែន ចំនួន១៧០លានអឺរ៉ូ (ជាង១៨៥លានដុល្លារអាមេរិក) ថែមទៀត ឆ្លើយតបការខូចខាតនៃហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល ដោយសារការវាយប្រហាររបស់រុស្ស៉ី។

គួរបញ្ជាក់ថា ចាប់តាំងពីខែសីហាមក រុស្ស៉ីបានបង្កើនជាខ្លាំងនូវសកម្មភាព វាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន មកលើអ៊ុយក្រែន ដោយក្រុមមន្រ្តីទីក្រុងកៀវមើលឃើញថា ជាការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលចាំបាច់ក្នុងការផ្តល់កម្តៅ អំឡុងរដូវរងា៕