(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកាថា ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ខណៈវាគឺជាលើកដំបូងបំផុត គិតចាប់តាំងពីរូបលោក បានដឹកនាំការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Min Aung Hlaing នឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS), កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ក្នុងទីក្រុង Kunming នៃខេត្ត Yunnan។ អំឡុងទស្សនកិច្ចនោះ លោក Min Aung Hlaing ក៏នឹងជួបពិភាក្សាជាមួយភាគីចិនផងដែរ ហើយនឹងធ្វើការដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងវិស័យមួយចំនួន។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា ក្នុងនោះរួមមានទាំង នៅតាមបណ្តោយព្រំប្រទល់រវាងមីយ៉ាន់ម៉ានិងចិន។ របបសឹកមីយ៉ាន់ម៉ា បានបាត់បង់ទឹកដីជាបន្តបន្ទាប់ ក្រោមការវាយលុកពីសំណាក់ចលនាតស៊ូប្រដាប់អាវុធ ចាប់តាំងតែពីខែតុលា ឆ្នាំមុន ហើយប្រការនេះបានធ្វើឱ្យចិនព្រួយបារម្ភ រហូតដល់ថ្នាក់បិទផ្នែកមួយចំនួននៃព្រំដែន និងផ្អាកការនាំចូលសំខាន់ៗ ទៅកាន់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម៕