(ឡាហ៊រ)៖ កម្រិតនៃការបំពុលបរិយាកាសដ៏គ្រោះថ្នាក់នៅក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន បានបង្ខំឱ្យអាជ្ញាធរចាត់វិធានការបន្ទាន់កាលពីថ្ងៃអាទិត្យ រួមទាំងការបិទសាលាបឋមសិក្សា និងការអនុវត្តការងារពីផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងនេះបានកាន់កាប់តំណែងកំពូលនៅក្នុងបញ្ជីពេលវេលាជាក់ស្តែងនៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោកនៅថ្ងៃអាទិត្យ បន្ទាប់ពីបានកត់ត្រាការអានការបំពុលខ្ពស់បំផុតមិនធ្លាប់មាន គឺកម្រិតសន្ទស្សន៍គុណភាពខ្យល់ ១,៩០០ នៅជិតព្រំដែនប៉ាគីស្ថាន-ឥណ្ឌាកាលពីថ្ងៃសៅរ៍ នេះបើផ្អែកលើទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលខេត្ត និងក្រុមស្វីស IQAir។

រដ្ឋាភិបាលបានប្រកាសបិទសាលាបឋមសិក្សារយៈពេលមួយសប្តាហ៍ និងណែនាំឱ្យឪពុកម្តាយធានាថាកុមារពាក់ម៉ាស់។ ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ មន្ទីរពេទ្យក៏ត្រូវបានរៀបចំបន្ទប់ព្យាបាលអ្នកជំងឺដែលរងផលប៉ះពាល់ដោយផ្សែងអ័ព្ទផងដែរ។

ដើម្បីកាត់បន្ថយការបំពុល បុគ្គលិកការិយាល័យ ៥០% នឹងធ្វើការពីផ្ទះ ហើយមានការហាមឃាត់ការប្រើប្រាស់រ៉ឺម៉ក និងផ្អាកការសាងសង់នៅតំបន់មួយចំនួន។ រោងចក្រ និងការដ្ឋានសំណង់ដែលមិនគោរពតាមបទប្បញ្ញត្តិអាចនឹងត្រូវបិទ។

អាជ្ញាធរបានពណ៌នាអំពីស្ថានភាពនេះថា «មិននឹកស្មានដល់» និងបានចោទប្រកាន់ការធ្លាក់ចុះគុណភាពខ្យល់ ដោយសារខ្យល់បក់នាំការបំពុលពីប្រទេសជិតខាងឥណ្ឌា។ រដ្ឋាភិបាលខេត្តនឹងចាប់ផ្តើមការចរចាជាមួយឥណ្ឌា ដើម្បីដោះស្រាយបញ្ហានេះ៕