(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកានេះបាននិយាយថាខ្លួនគ្មានជម្រើសនោះទេ ក្រៅតែពីបន្តកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីការពារខ្លួនឯង ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាកំពុងរុញច្រានតំបន់ឧបទ្វីបកូរ៉េ ធ្លាក់ចូលក្នុងសេណារីយ៉ូសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យមិនបញ្ជាក់អត្តសញ្ញាណម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា « DPRK (កូរ៉េខាងជើង) នឹងបន្តបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីកំញើញទប់ស្កាត់ ការគំរាមកំហែងយោធាពីសត្រូវ ហើយនឹងបន្តរក្សាតុល្យភាពកម្លាំងនៅក្នុងតំបន់»។ អ្នកនំាពាក្យរូបនេះ ក៏បានទម្លាក់ការទទួលខុសត្រូវទៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរថាបានប៉ុនប៉ងចង់ ធ្វើសង្រ្គាមច្រើនជាង២០លើក នៅក្នុងឆ្នាំនេះ ដែលនេះធ្វើឱ្យកូរ៉េខាងជើងគ្មានជម្រើសទេ ក្រៅតែប្រឹងប្រែងពង្រឹងសមត្ថភាពការពារខ្លួនឯង និងដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូជុង បានថ្កោលទោសប្រមុខ UN សម្រាប់ការរិះគន់កូរ៉េខាងជើង ជុំវិញការធ្វើតេស្ដ បាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ហើយថាការធ្វើតេស្ដអាវុធនេះគឺមានគោលដៅការពារខ្លួនឯងតែប៉ុណ្ណោះ។ កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ស៊េរីថ្មីប្រើឥន្ធនៈរឹងមួយគ្រាប់មានឈ្មោះថា Hwasong-19 ដែលព្យុងយ៉ាងចាត់ទុកថាជាមីស៊ីលដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក៕