(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកាបានប្រកាសថាខ្លួននឹងផ្ដល់ជំនួយយោធាបន្ថែម ៤២៥លានដុល្លារ ទៅឱ្យអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថាកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ បានត្រៀមលក្ខណៈជាស្រេចដើម្បីចូលរួមក្នុងសមរភូមិប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាជំនួយខាងលើនឹងផ្ដល់ឱ្យអ៊ុយក្រែននូវសមត្ថភាពបន្ថែម ដើម្បីបំពេញតម្រូវការបន្ទាន់របស់ខ្លួន ក្នុងនោះរួមមាន ប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវសម្រាប់កាំភ្លើងធំ​ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ព្រមទាំងអាវុធប្រឆាំងរថក្រោះ។ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល កញ្ចប់ជំនួយយោធាថ្មីនេះដែល នឹងត្រូវដកចេញពីឃ្លាំងអាវុធអាមេរិក ក៏មានផងដែរមីស៊ីលបាញ់ពីអាកាសទៅដី បរិក្ខារពេទ្យ និងគ្រឿងបន្លាស់ជាច្រើន។ «សហរដ្ឋអាមេរិកនឹងបន្តធ្វើការ...ដើម្បីបំពេញតាមតម្រូវការបន្ទាន់ របស់អ៊ុយក្រែននៅលើសមរភូមិ និងការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី»។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់អ៊ុយក្រែន ដោយបានផ្ដល់ជំនួយយោធា និងជំនួយផ្នែកសន្តិសុខច្រើនជាង ៦០ពាន់លានដុល្លារ ដល់ទីក្រុងកៀវ ចាប់តាំងពី រុស្ស៉ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕