(អូតាវ៉ា)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បាននិយាយថាគ្រប់សេណារីយ៉ូទាំងអស់កំពុងស្ថិតនៅក្រោមការពិចារណា ឆ្លើយតបទៅនឹងការចោទសួរថា តើទីក្រុងសេអ៊ូល អាចនឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែនដែរឬក៏យ៉ាងណា ជាការឆ្លើយបទៅនឹងការគាំទ្ររបស់កូរ៉េខាងជើងចំពោះរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
លោក Cho Tae-yul ធ្វើការកត់សម្គាល់បែបនេះតាមរយៈអ្នកបកប្រែ អំឡុងធ្វើសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងអូតាវ៉ា កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា។ «គ្រប់សេណារីយ៉ូ ទាំងអស់កំពុងស្ថិតនៅក្រោមការពិចារណា»។ នេះជាការបញ្ជាក់របស់លោក Cho នៅពេលត្រូវបានចោទសួរថាតើកូរ៉េខាងត្បូងអាចនឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដែរឬក៏យ៉ាងណា? លោកបន្ថែមថា កូរ៉េខាងត្បូង នឹងតាមដានកម្រិតនៃការចូលរួមរបស់កងទ័ពកូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែន និងថាតើទីក្រុងព្យុងយ៉ាងនឹងទទួលបានអ្វីមកវិញពីទីក្រុងមូស្គូ មុននឹងធ្វើការសម្រេចចិត្តជាក់លាក់ណាមួយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាកងទ័ពកូរ៉េខាងជើងប្រហែលជា ១០ ០០០នាក់ កំពុង ស្ថិតនៅក្នុងប្រទេសរុស្ស៉ី ក្នុងនោះមាន ៨០០០នាក់ កំពុងស្ថិតនៅតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកថ្មើរជើងកាលពីខែសីហា។ កូរ៉េខាងត្បូង មកទល់នឹងពេលនេះ បានផ្ដល់ជំនួយមិនមែនអាវុធសម្លាប់មនុស្សទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមមានឧបករណ៍ដោះគ្រាប់មីន ប៉ុន្តែទីក្រុងកៀវបានទទូចឱ្យកូរ៉េខាងត្បូងបញ្ជូនអាវុធមកឱ្យខ្លួន៕