(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ក្នុងជំនួបនៅទីក្រុងមូស្គូ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រសប្តាហ៍នេះបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា បានរៀបចំផែនការវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងប្រទេសលោកស្រី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ទោះជាយ៉ាងណា លោកស្រី Choe មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់លោកស្រីទេ ប៉ុន្តែបានលើកឡើងអំពីកិច្ចពិគ្រោះយោបល់ជាប្រចាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលលោកស្រីចោទប្រកាន់ថា ជាការរៀបចំផែនការវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងកូរ៉េខាងជើង។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ បាននិយាយថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េអាចនឹងផ្ទុះឡើង នៅពេលណាក៏បាន ដូច្នេះកូរ៉េខាងជើងចាំបាច់ត្រូវពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីវាយប្រហារតបត។ លោកស្រីក៏បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់កូរ៉េខាងជើងចំពោះរុស្ស៊ី ក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ៕