Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីប្រេស៉ីល លោក Lula លុបចោលការចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរូ (Video inside)

01-11-2024 15:52

(សៅប៉ូឡូ)៖ ទីប្រឹក្សាប្រធានាធិបតីប្រេស៉ីល បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក Luiz Inacio Lula da Silva សម្រេចមិនទៅចូលរួម វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងរៀបចំក្នុងទីក្រុង Lima ប្រទេសប៉េរូ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នោះទេ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ដោយមិនបញ្ចេញឈ្មោះ ទីប្រឹក្សាប្រធានាធិបតីរូបនេះ បានឱ្យដឹងថា ការសម្រេចមិនចូលរួមប្រជុំ APEC ដោយសារតែ លោកចង់ផ្តោតអារម្មណ៍ លើកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុង Rio de Janeiro នៅប៉ុន្មានថ្ងៃបន្ទាប់ទៀត។
ពីរថ្ងៃ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 លោក Lula ក៏នឹងត្រូវទទួលស្វាគមន៍ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង មកកាន់ទីក្រុង Brasilia ផងដែរ នៅក្នុងអ្វីដែលរដ្ឋាភិបាលប្រេស៉ីល ចាត់ទុកជាដំណើរទស្សនកិច្ចការទូតដ៏សំខាន់របស់ខ្លួន សម្រាប់ឆ្នាំនេះ។

លោក Lula បានលុបចោលការធ្វើដំណើរទៅក្រៅប្រទេសជាច្រើន ចាប់តាំងពីលោករងរបួសក្បាល កាលពីដើមខែនេះ រួមទាំង កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ចំនួនពីរ និងកិច្ចប្រជុំ BRICS ផងដែរ។ តាមការ​ពិនិត្យ​សុខភាព ​ដែលបាន​បង្ហាញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Lula មានសុខភាពធម្មតាទេ បន្ទាប់​ពី​មាន​របួស៕