Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋថៃ៤នាក់ស្លាប់ នៅអ៉ីស្រាអែល ដោយសារការបាញ់រ៉ុក្កែតពីលីបង់ (Video inside)

01-11-2024 13:55

(បាងកក)៖ រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ពលរដ្ឋថៃ៤នាក់បានស្លាប់ និងម្នាក់បានរងរបួស នៅក្បែរក្រុង Metula ភាគខាងជើងប្រទេសអ៉ីស្រាអែល ដោយសារតែការបាញ់រ៉ុក្កែតពីប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាលពីឆ្នាំមុន ជនជាតិថៃ៤១នាក់ បានស្ថិតក្នុងចំណោមមនុស្សប្រមាណ១,២០០នាក់ ដែលត្រូវបានសម្លាប់ នៅពេលក្រុមហាម៉ាស បើកការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ ឆ្លងពីតំបន់ហ្កាហ្សា ចូលមកកាន់សហគមន៍ភាគខាងត្បូងអ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ ជនជាតិថៃ៣០នាក់ ក៏ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរាប់រយនាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់យកទៅតំបន់ហ្កាហ្សា អំឡុងការវាយប្រហារ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះ ផងដែរ ហើយ៦នាក់ត្រូវបានជឿជាក់ថា កំពុងបន្តស្ថិតនៅទីនោះ។

អ៉ីស្រាអែលបានឆ្លើយតប ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ហើយសង្រ្គាមសងសឹករបស់អ៉ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញហិនហោច នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ លើសពីនេះទៅទៀត អ៉ីស្រាអែល ក៏បានបើកការវាយប្រហារប្រឆាំងក្រុមហេសបូឡា នៅឯប្រទេសលីបង់ ផងដែរ។

គួរបញ្ជាក់ថា មុនជម្លោះផ្ទុះឡើង មានជនជាតិថៃសរុបប្រហែល ៣០,០០០នាក់ បម្រើការងារនៅក្នុងប្រទេសអ៉ីស្រាអែល ភាគច្រើន​ក្នុងវិស័យកសិកម្ម ដែលប្រការនេះ បានធ្វើឱ្យពលរដ្ឋថៃក្លាយជាក្រុមធំមួយ ក្នុងចំណោមពលករចំណាកស្រុក នៅអ៉ីស្រាអែល៕