(ហ៊្សេរុយសាឡិម)៖ ប្រធានទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ (UNRWA) លោក Philippe Lazzarini បាននិយាយថា អ៉ីស្រាអែល បានធ្វើឱ្យខូចខាតការិយាល័យ UNRWA នៅក្នុងជំរំ Nur Shams នៃតំបន់ West Bank ប៉ុន្តែភាគីកងទ័ពអ៉ីស្រាអែល បានបដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

តាមរយៈបណ្តាញសង្គម X លោក Lazzarini បញ្ជាក់ថា «ការិយាល័យនេះ ត្រូវរងការខូចខាតធ្ងន់ធ្ងរ និងមិនអាចប្រើប្រាស់បានទៀតទេ»។ ជាការឆ្លើយតប យោធាអ៉ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយថា «ការអះអាង ដែលថាការិយាល័យ UNRWA នៅជំរំ Nur Shams ត្រូវបានបំផ្លាញដោយកងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) គឺមិនពិតនោះទេ។ មានក្រុមភេរវករឯទៀត បានបំពាក់គ្រឿងផ្ទុះ នៅជិតការិយាល័យ UNRWA ដែលបន្ទាប់មកត្រូវបានបំផ្ទុះ នៅក្នុងការប៉ុនប៉ងធ្វើបាប IDF។ គ្រឿងផ្ទុះនោះហើយ ទំនងជាបណ្តាលឱ្យខូចខាតដល់រចនាសម្ព័ន្ធការិយាល័យ UNRWA»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអ៉ីស្រាអែល និងទីភ្នាក់ងាររបស់ UN មួយនេះកាន់តែល្អក់កករទៅ ក្រោយសង្រ្គាមហ្កាហ្សាផ្ទុះឡើង ជាពិសេសបន្ទាប់ពីការរកឃើញថា បុគ្គលិក UNRWA មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំមុន របស់ក្រុមហាម៉ាសមកលើអ៉ីស្រាអែល។ ថ្មីៗនេះ អ៉ីស្រាអែល ថែមទាំងបានហាមប្រាម UNRWA ពីការធ្វើប្រតិបត្តិការ នៅក្នុងប្រទេសរបស់ខ្លួនទៀតផង៕