(យូអិន)៖ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថាសហរដ្ឋអាមេរិកទទួលបានព័ត៌មានអាចបញ្ជាក់បានថាមានកងទ័ពកូរ៉េខាងជើង ៨០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមលោក Robert Wood លោកផ្ទាល់ក៏បានសួរបញ្ជាក់ផងដែរថាតើភាគីរុស្ស៉ីនៅតែប្រកាន់ជំហរថាគ្មានវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរុស្ស៉ី ទៀតឬ? ប៉ុន្តែ តំណាងរុស្ស៉ីប្រចាំ UN មិនបានឆ្លើយតបទៅនឹងសំណួររបស់លោក Wood នោះទេ។ រុស្ស៉ី មកទល់នឹងពេលនេះមិនបានប្រកែក ហើយក៏មិន បានទទួលស្គាល់ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរបស់ខ្លួននោះដែរ។
ចំណែក កូរ៉េខាងជើងវិញ បន្ទាប់ពីបានប្រកែកអស់ជាច្រើនសប្ដាហ៍ បានចេញមុខការពារការដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់រុស្ស៉ី ថាធ្វើឡើងអនុលោម តាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅនេះ កងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងចូលក្នុងតំបន់ Kursk ដោយដណ្ដើមកាន់កាប់បានទឹកដី រុស្ស៉ីមួយចំនួនក្នុងតំបន់នេះ។ មន្ទីរបញ្ចកោណបានបង្ហាញការព្រួយបារម្ភថារុស្ស៉ីអាចនឹងប្រើប្រាស់កងទ័ពកូរ៉េខាងជើងនៅក្នុងការប្រយុទ្ធ ឬយ៉ាងហោចដើម្បី គាំទ្រដល់ប្រតិបត្តិការយោធាប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ក្នុងតំបន់ Kursk៕