(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីនៃក្រសួងការបរទេសអាមេរិក បានកត់ត្រាពីឧប្បត្តិហេតុជិត ៥០០ ដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៉ីវិល អំឡុងប្រតិបត្តិការយោធាអ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ហើយក៏មាននូវការប្រើប្រាស់អាវុធ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ ២០២៤។

ឧប្បត្តិហេតុ ដែលមួយចំនួនអាចបំពានច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវបានកត់ត្រា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ជាពេលដែលសង្រ្គាមហ្កាហ្សាផ្ទុះឡើង។ វាត្រូវបានចងក្រង នៅក្នុងរបាយការណ៍ណែនាំ ស្តីពីការ​ឆ្លើយតប​គ្រោះថ្នាក់ចំពោះជន​ស៉ីវិល នៃ​​ក្រសួង​ការបរទេស​​អាមេរិក ដែលជា​យន្តការតាមដាន ​និង​វាយ​តម្លៃ​រាល់​ការ​ប្រើប្រាស់​អាវុធ​ ដែល​មាន​ប្រភព​មកពី​សហរដ្ឋ​អាមេរិក ​ក្នុងផ្លូវខុស។ មន្រ្តីក្រសួងការបរទេសអាមេរិក ប្រមូលយកឧប្បត្តិហេតុទាំងនេះ មកពីប្រភពសាធារណៈ និងមិនមែនសាធារណៈ រួមទាំងសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ក្រុមសង្គមស៉ីវិល និងក្រុមដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលបរទេស។

អតីតមន្ត្រីអាមេរិកម្នាក់ បានប្រាប់ Reuters ថា គ្មានចំណាត់ការណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ។ ជម្រើសចាត់វិធានការអាចមាន រាប់ចាប់ពីការធ្វើការជាមួយរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ រហូតដល់ការព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធ ដែលមានស្រាប់ ឬកាត់ចោលនូវការអនុម័តនាពេលអនាគត។

គួរបញ្ជាក់ថា តាមអាជ្ញាធរតំបន់ហ្កាហ្សា សង្រ្គាមរបស់អ៉ីស្រាអែល​ ប្រឆាំងក្រុមហាម៉ាសនៅទីនោះ បានបណ្តាលឱ្យមនុស្សជាង ៤៣,០០០នាក់ស្លាប់ និងរបួសជាច្រើននាក់៕