(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី៣០ ខែតុលា បានអំពាវនាវឱ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ី ជាទីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា កងទ័ពកូរ៉េខាងជើងមួយចំនួននៅក្នុងចំណោម ១០ ០០០នាក់ ដែលកំពុងស្ថិតនៅលើទឹកដីរុស្ស៉ីត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រុស្ស៉ី និងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងនយោបាយ និងយោធាកាន់តែស៊ីជម្រៅ ខណៈសង្រ្គាមអ៊ុយក្រែនជិតចូលដល់ឆ្នាំទី៣។ ប៉ុន្តែការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើងទៅប្រយុទ្ធប្រឆាំងនឹង កងកម្លាំងអ៊ុយក្រែននឹងក្លាយជាការបង្កើនជម្លោះមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អន្តរជាតិ។ «ខ្ញុំអំពាវនាវឱ្យពួកគេ (កូរ៉េខាងជើង) ដកកងទ័ពរបស់ខ្លួន ចេញពីរុស្ស៉ី»។ នេះជាការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដោយបន្ទរតាមពីក្រោយការអំពាវនាវរបស់សមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Kim Yong-hyun ដែលឈរនៅជិតរូបលោក អំឡុងធ្វើសន្និសីទសារព័ត៌មាននៅឯមន្ទីរបញ្ចកោណ។

លោក Austin បានបន្ថែមទៀតថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីរារាំងកុំឱ្យរុស្ស៉ីដាក់ពង្រាយកងទ័ពកូរ៉េខាងជើងក្នុងសមរភូមិប្រយុទ្ធ។ ប៉ុន្តែ ប្រមុខការពារជាតិអាមេរិក ក៏បានទទួលស្គាល់ដែរថាវាអាចទៅរួចថាទីក្រុងមូស្គូ អាចនឹងប្រើប្រាស់កងទ័ពកូរ៉េខាងជើងប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ លោក Kim Yong-hyun បានថ្លែងតាមរយៈ អ្នកបកប្រែថាលោកជឿថាការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅកាន់រុស្ស៉ី អាចនឹងបង្កើនការគំរាមកំហែងសន្តិសុខដល់ឧបទ្វីបកូរ៉េ ពីព្រោះតែទីក្រុងព្យុងយ៉ាងអាចស្នើសុំឱ្យរុស្ស៉ីផ្ទេរបច្ចេកវិទ្យាអាវុធ ដើម្បីអភិវឌ្ឍកម្មវិធីអាវុធរបស់ខ្លួន ក្នុងនោះរួមមានអាវុធនុយក្លេអ៊ែរតាក់ទិក មីស៊ីលបាលិស្ទីគអន្តរទ្វីប និងផ្កាយរណបស៊ើបការណ៍ជាដើម ជាថ្នូរទៅនឹងការបញ្ជូនទ័ពទៅជួយរុស្ស៉ី។

ប៉ុន្តែ លោកប្រមុខការពារជាតិកូរ៉េខាងត្បូង មិនបានប្រកាសពីការផ្លាស់ប្ដូរណាមួយនៅក្នុងគោលនយោបាយរបស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការហាមឃាត់ការបញ្ជូនអាវុធទៅកាន់ប្រទេសកំពុងមាន សង្រ្គាមដូចជាអ៊ុយក្រែននោះទេ ដែលជាការប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់មកទល់នឹងពេលនេះ បើទោះជាមានការទទូចសុំពីសហរដ្ឋអាមេរិក និងទីក្រុងកៀវ ឱ្យទីក្រុងសេអ៊ូលពិចារណា ឡើងវិញ ក៏ដោយ។

គួរបញ្ជាក់ថា លោក Austin ក៏បានលើកឡើងជាថ្មីផងដែរពីការអះអាងរបស់សេតវិមានដែលកងទ័ពកូរ៉េខាងជើងនឹងក្លាយជាគោលដៅយោធាស្របច្បាប់ ប្រសិនបើពួកគេចូលរួមប្រយុទ្ធប្រឆាំងនឹង អ៊ុយក្រែន៕