(ប៉េកាំង)៖ នៅថ្ងៃទី ២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ "BRICS បូក" ដោយលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុច ពោលគឺ ប្រកាន់ខ្ជាប់សន្តិភាពនិងសម្រេចបាននូវសន្តិសុខរួម ស្តារការអភិវឌ្ឍឡើងវិញនិងសម្រេចបាននូវវិបុលភាពជាទូទៅ រួមគ្នាស្តារអរិយធម៌ឡើងវិញនិងសម្រេចបាន នូវភាពពិពិធកម្ម និងភាពសុខដុមរមនា ហើយបានធ្វើបទបង្ហាញពីការអនុវត្តនិងវិវឌ្ឍរីកចម្រើន នៃគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងបានប្រកាសពីវិធានការមួយចំនួន ដែលប្រទេសចិន នឹងចាត់ក្នុងការជំរុញការអភិវឌ្ឍនៃប្រទេស "សកលខាងត្បូង" ដែលបណ្តាលឱ្យសហគមន៍អន្តរជាតិ មានការពិភាក្សាយ៉ាងក្ដៅគគុក។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ជានិច្ចកាល ប្រទេសចិនតែងតែជាសមាជិកដ៏មុតមាំ នៃប្រទេស "សកលខាងត្បូង" ដែលបានជំរុញដល់ការអភិវឌ្ឍរួមនៃប្រទេស "សកលខាងត្បូង" និងផ្តល់នូវគំនិតថ្មីនិងកម្លាំងថ្មី ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមរួមរបស់មនុស្សជាតិ។ នាពេលបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមសន្តិសុខសកល ទទួលបានសមិទ្ធផល យ៉ាងសំខាន់ ក្នុងវិស័យជាច្រើនដូចជា ការគាំពារស្ថិរភាពក្នុងតំបន់ជាដើម បន្ទាប់ពីគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ត្រូវបានលើកឡើងអស់រយៈពេល ៣ ឆ្នាំមក យើងបានចាប់ដំណើរការ នូវគម្រោងជាង១១០០ ក្នុងទំហំជិត ២០ ប៊ីលានដុល្លារអាមេរិក មានប្រទេសចំនួនជាង៨០បាន ចូលរួមក្នុងអនុកម្មការសមមិត្ត នៃសេចក្ដីផ្ដួចផ្ដើមអភិវឌ្ឍន៍សកល។

នៅក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ "BRICS បូក" លើកនេះ គំនិតផ្តួចផ្តើមបីចំណុចដែលលើកឡើង ដោយលោកប្រធានរដ្ឋចិន Xi Jinping បានស៊ីសង្វាក់គ្នានឹងគំនិតផ្តួចផ្តើមសកលធំចំនួនបី ដោយឡែកពីគ្នាដែលមានសារសំខាន់ជាក់ស្តែងដ៏ខ្លាំងក្លា ។ នាពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចនៅតំបន់ហ្កាហ្សាបានអូសបន្លាយជាបន្តបន្ទាប់ ការពារនិយម កំពុងងើបឡើងវិញ នៅទូទាំងពិភពលោក គម្លាតរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ កាន់តែរីកធំជាបន្តបន្ទាប់ ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានភាពទន់ខ្សោយ។ ក្នុងបរិបទបែបនេះ យន្តការ BRICS បានដឹកនាំកិច្ចសហប្រតិបត្តិការនៃប្រទេស "សកលខាងត្បូង" ឱ្យសម្របទៅនឹងតម្រូវការជាក់ស្តែង ហើយក៏សមស្របនឹងក្តីរំពឹងរួមផងដែរ។

បច្ចុប្បន្ននេះ សមាមាត្រនៃប្រទេស "សកលខាងត្បូង" មានចំនួនលើសពី ៤០ ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងនោះ ទំហំសេដ្ឋកិច្ចសរុបនៃមហាគ្រួសារប្រទេស BRICS ប្រហែលត្រូវជា ៣០ ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់សេដ្ឋកិច្ចពិភពលោក ហើយ "បណ្តាប្រទេសឈានមុខ" បានបន្តជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនៃប្រទេស "សកលខាងត្បូង"។

"វិបុលភាពជាទូទៅ" គឺជាគោលដៅរួមនៃប្រទេស "សកលខាងត្បូង"។ នៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចំនួន ១៥ ក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ីនិងប្រេស៊ីលជាដើម បានរួមគ្នាចេញផ្សាយ «គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការធ្វើឧស្សាហូបនីយកម្មបែបថ្មី» ហើយកិច្ចសហប្រតិបត្តិការ BRICS បានក្លាយជា "ប៊ូតុងចុចពន្លឿនល្បឿន" សម្រាប់ការអភិវឌ្ឍនៃប្រទេស "សកលខាងត្បូង"។

ការធ្វើទំនើបភាវូបនីយកម្ម គឺជាការស្វែងរករួមរបស់មនុស្សគ្រប់រូប។ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ បានធ្វើការចាត់ចែងរៀបចំ ជាប្រព័ន្ធចំពោះ ការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមុខជានឹងផ្តល់កាលានុវត្តភាព កាន់តែច្រើនជូនដល់សកលលោក។ ការធ្វើឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្ម អាចផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗ និងមនុស្សគ្រប់ៗគ្នា ដើម្បីជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ នេះគឺជាទិសដៅខិតខំប្រឹងប្រែងរបស់ចិន ហើយក៏ជាគោលដៅនៃការរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការនៃប្រទេស "សកលខាងត្បូង"ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន