(តូក្យូ)៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បានប្តេជ្ញាថា នឹងនៅតែបន្តកាន់អំណាចដដែល ទោះបីជា ការបោះឆ្នោតសកលមុនអាណត្តិ ដែលរូបលោកផ្ទាល់ ជាអ្នកផ្តួចផ្តើមរៀបចំ បែរជាបានធ្វើឱ្យគណបក្សកាន់អំណាចរបស់លោក ទទួលលទ្ធផលអាក្រក់បំផុត ក្នុងរយៈពេល១៥ឆ្នាំ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី កាលពីថ្ងៃទី១ ខែតុលា លោក Ishiba អាយុ៦៧ឆ្នាំ បានស្នើឱ្យរៀបចំការបោះឆ្នោតសកល​មុនអាណត្តិ ក្រោមក្តីរំពឹងថា នឹងអាចធ្វើឱ្យគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ទទួលបានអាសនៈច្រើន​ជាងមុន ហើយធ្វើឱ្យអាណត្តិកាន់អំណាចរបស់លោក មានភាពរឹងមាំ។ លទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា បានបង្ហាញថា គណបក្ស LDP និងបក្សដៃគូគឺ Komeito នឹងពុំអាចគ្រប់គ្រងសំឡេងភាគច្រើន ក្នុងសភាទៀតឡើយ។

បើតាមការរាប់របស់សារព័ត៌មានជប៉ុន NHK គណបក្ស LDP នឹងឈ្នះបានអាសនៈត្រឹមចំនួន១៩១ ខណៈក្នុងការបោះឆ្នោតឆ្នាំ២០២១ មានរហូតដល់២៥៩អាសនៈ រីឯគណបក្ស Komeito បាន២៤អាសនៈ។ LDP និង Komeito ត្រូវការអាសនៈសរុបចូលគ្នា​ឱ្យបានយ៉ាងហោច២៣៣អាសនៈ ដែលស្មើនឹងសំឡេងភាគច្រើន នៅក្នុងរដ្ឋសភា ដែលមានអាសនៈសរុប៤៥៦។

លោក Ishiba បាននិយាយថា នឹងនៅបន្តបំពេញភារកិច្ចរបស់លោកដដែល ហើយសន្យាធ្វើកំណែទម្រង់ជាមូលដ្ឋានតែម្តង ពាក់ព័ន្ធបញ្ហាលុយកាក់ និងនយោបាយ។ លោក Ishiba បានអះអាងថា កត្តាធំបំផុតនៅក្នុងការបោះឆ្នោតអាណត្តិនេះ គឺការសង្ស័យ ការមិនជឿទុកចិត្ត និងការខឹងសម្បាររបស់ប្រជាជន ជុំវិញរឿងអាស្រូវមួយ ពាក់ព័ន្ធក្រុមអ្នកនយោបាយបក្ស LDP កិបកេងលុយចូលហោប៉ៅខ្លួនឯង ពីព្រឹត្តិការណ៍រៃអង្គាសប្រាក់ ខណៈរឿងអាស្រូវនេះហើយ ដែលជាមូលហេតុមួយ បានជំរុញឱ្យ​រដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោក ​Fumio Kishida ធ្លាក់ចុះប្រជាប្រិយភាពជាខ្លាំង រហូតបង្ខំឱ្យលោក Kishida ត្រូវសម្រេចចិត្តចុះចេញពីតំណែង។

នៅមុនការបោះឆ្នោត បណ្តាប្រព័ន្ធផ្សព្វផ្សាយជប៉ុន បាននាំគ្នាសន្និដ្ឋានថា ប្រសិនបើរដ្ឋាភិបាលរបស់លោក បាត់បង់ការគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងសភា លោក Ishiba អាចនឹងចុះចេញពីតំណែង ដែលប្រការនេះនឹងធ្វើឱ្យលោក ជាប់ឈ្មោះជានាយករដ្ឋមន្រ្តីកាន់អំណាចបានខ្លីបំផុត ក្នុងប្រវត្តិសាស្រ្តក្រោយសម័យសង្រ្គាមរបស់ជប៉ុន។ នៅថ្ងៃចន្ទនេះ លោក Shinjiro Koizumi ដែលជាកូនប្រុសអតីតនាយករដ្ឋមន្រ្តី Junichiro Koizumi និងជាប្រមុខគណៈកម្មាធិការបោះឆ្នោត​របស់បក្ស LDP បានប្រកាសលាលែងពីតំណែង។

គួរបញ្ជាក់ថា យោងតាមក្រុមអ្នកវិភាគ ជំហានបន្ទាប់ទៀត គឺលោក Ishiba ទំនងជានឹងព្យាយាមស្វែងរក ការដឹកនាំរដ្ឋាភិបាល​សំឡេងភាគតិច ក្រោមហេតុផលថា ក្រុមប្រឆាំងហាក់មានភាពបែកបាក់គ្នា ដែលប្រហែលមិនអាចបង្កើតក្រុមចម្រុះរវាងពួកគេផ្ទាល់ បាន​នោះទេ។ នៅថ្ងៃចន្ទនេះ លោក Ishiba ក៏បាននិយាយដែរថា សម្រាប់ពេលនេះ លោកមិនទាន់ពិចារណាចង់ពង្រីកក្រុមចម្រុះ​របស់លោក លើសពីសម្ព័ន្ធភាពរវាងបក្ស LDP និង Komeito នៅឡើយទេ៕