Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ថាការគាំទ្របន្ថែមពីសំណាក់ប្រទេសអឺរ៉ុបខាងជើង នឹងជួយបង្កើនសម្ពាធប្រឆាំងរុស្ស៉ី (Video inside)

28-10-2024 12:02

(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងទម្រង់ «អ៊ុយក្រែន បូកអឺរ៉ុបខាងជើង» (Ukraine plus Northern Europe) កំពុងឈានទៅមុខ ហើយអាចបង្កើនសម្ពាធលើរុស្ស៉ីថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤។

ប្រទេសនៅប៉ែកអឺរ៉ុបខាងជើង (Nordic) ទាំង ៥ គឺ ហ្វាំងឡង់ ស៊ុយអែត ន័រវែស ដាណឺម៉ាក និងអ៉ីស្លង់ ដែលឥឡូវនេះ សុទ្ធតែជាសមាជិកអង្គការណាតូ (NATO) គឺជាអ្នកគាំទ្រយ៉ាងរឹងមាំចំពោះអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ ក្នុងសុន្ទរកថាជាវីដេអូ កាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «ពួកគេយល់ពីភាពចាំបាច់ក្នុងការដាក់សម្ពាធ លើអ្នកឈ្លានពាន ដូច្នេះរុស្ស៉ី នឹងបាត់បង់ឱកាសបំផ្លាញអាយុជីវិតមនុស្ស។ នៅសប្តាហ៍ខាងមុខ យើងនឹងនិយាយជាមួយប្រទេស Nordics អំពីជំហានជាមូលដ្ឋានថ្មីមួយ ដែលអាចបង្កើនសម្ពាធលើរុស្ស៉ីក្នុងសង្រ្គាម ហើយក៏សម្រាប់ប្រយោជន៍ផ្នែកការទូតផងដែរ»។

គួរបញ្ជាក់ថា ប្រទេស Nordic បានប្រាប់ លោក ហ្សេលេនស្គី កាលពីឆ្នាំមុនថា ពួកគេនឹងគាំទ្រអ៊ុយក្រែន ដរាបណានៅតែត្រូវការតស៊ូ ដើម្បីបណ្តេញកងកម្លាំងរុស្ស៉ី ហើយថាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌យ៉ាងទូលំទូលាយ។ តាមលោក ហ្សេលេនស្គី ជំនួយយោធារួមគ្នាពីបណ្តាប្រទេស Nordic នឹងមានចំនួន ៦ពាន់លានអឺរ៉ូ នៅឆ្នាំ ២០២៤នេះ ក្រោមកិច្ចព្រមព្រៀងសន្តិសុខដាច់ដោយឡែក។ វាបានកើនឡើងចំនួន ១១ពាន់លានអឺរ៉ូ កាលពីចុងឆ្នាំ ២០២៣៕