(ម៉ានីល)៖ ហ្វីលីពីន នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ បានប្រកាសអាសន្នអាកាសធាតុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមនុស្សជាង ១០០នាក់ត្រូវបានសម្លាប់ដោយព្យុះ Trami ជាព្យុះដ៏កំណាចបំផុតមួយដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មនុស្សជិត ១លាននាក់ កំពុងស្នាក់នៅតាមជំរំស្នាក់នៅបណ្ដោះអាសន្ន ឬស្នាក់នៅជាមួយសាច់ញាតិបងប្អូននៅឡើយ ក្រោយបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ឬក៏ត្រូវបង្ខំ ចិត្តជម្លៀសខ្លួនចេញដោយសារតែទឹកជំនន់ បង្កឡើងដោយព្យុះត្រូពិក Trami ដែលបានវាយប្រហារលើហ្វីលីពីនកាលពីថ្ងៃទី២២ ខែតុលា។ ឥលូវ ស្ថានការណ៍មិនទាន់ ទាំងបានធូរស្រាលផង ទីភ្នាក់ងារជាតិឧតុនិយមហ្វីលីពីន បាននិយាយថាព្យុះត្រូពិកឈ្មោះ កង្រី (Kong-rey) នឹងវាយប្រហារលើហ្វីលីពីន ដោយនាំមកជាមួយនូវ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅប៉ុន្មានម៉ោងខាងមុខនេះ។ ទីភ្នាក់ងារដដែលបានបន្ថែមទៀតថាព្យុះ Kong-rey អាចនឹងវិវត្តន៍ទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយអាចនឹងធ្វើដំណើរឆ្លងកាត់នៅក្បែរដែនកោះតូចៗ នៅភាគខាងជើងហ្វីលីពីន នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរហ្វីលីពីន ព្យុះ Trami បានសម្លាប់មនុស្ស ១១៦នាក់ និង៣៩នាក់បានបាត់ខ្លួន។ ជារៀងរាល់ឆ្នាំ មានព្យុះចំនួន២០ ទាំងតូច ទាំងធំ បានវាយប្រហារលើប្រទេសហ្វីលីពីន៕