(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា បាននិយាយថាខ្លួនមានសិទ្ធិ និងកាតព្វកិច្ចការពារខ្លួន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់ ទាហានអ៉ីរ៉ង់ ២នាក់ និងបង្កការភ័យខ្លាចសាជាថ្មីពីហានិភ័យនៃការផ្ទុះសង្រ្គាមទាំងស្រុងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi វាគ្មានឡើយព្រំដែនកំណត់ចំពោះការប្ដេជ្ញាចិត្តរបស់អ៉ីរ៉ង់ដើម្បីការពារខ្លួនឯង។ លោកបន្ថែមថាអ៉ីរ៉ង់មានសិទ្ធិ និងកាតព្វកិច្ច ក្នុងការការពារខ្លួនឯង។

អ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៉ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទីគជិត ២០០គ្រាប់ ដោយទីក្រុងតេហេរ៉ង់ លើអ៉ីស្រាអែល កាលពីដើមខែតុលាកន្លងទៅនេះ។ ក្រោយការសងសឹកនេះដែរ អ៉ីស្រាអែលបានព្រមានថាអ៉ីរ៉ង់ថានឹងត្រូវលះបង់តម្លៃមួយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានបាញ់តដៃវិញ ខណៈសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានទទូចឱ្យអ៉ីរ៉ង់កុំសងសឹកអ៉ីស្រាអែលវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

ជាមួយគ្នានោះ សហភាពអឺរ៉ុបបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ ដើម្បីបញ្ចៀសកុំឱ្យស្ថានការណ៍ផ្ទុះរាលដាលចេញពីការគ្រប់គ្រង។ ប៉ុន្តែបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះរួមមានប្រទេសជិតខាងអ៉ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល រីឯរុស្ស៉ីវិញបានជំរុញឱ្យភាគីទាំងសងខាងរក្សាការអត់ធ្មត់ និងបញ្ចៀសនូវអ្វីដែលមូស្គូ ហៅថា «សេណារីយ៉ូមហន្តរាយ»