(ឡុងដ៏)៖​ ក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍ និងក្រុមបាតុករប្រឆាំងចំពោះការរើសអើងជាតិសាសន៍ បានចាប់ផ្តើមការប្រមូលផ្តុំដ៏ធំ​ នៅទីក្រុងឡុងដ៍​ នាថ្ងៃសៅរ៍ ទី២៦​ ខែតុលា​ ឆ្នាំ​ ២០២៤នេះ​ ក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ប៉ូលិស​ជាច្រេីន​ ខ្លាចក្រែងមានការប៉ះទង្គិចណាមួយកេីតឡេីង​ រវាងគូប្រជែងទាំងពីរក្រុម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters​។

មនុស្សប្រហែល​ ២​ ទៅ​ ៣ពាន់នាក់​ បានចូលរួមក្នុងការហែក្បួន​ Unite the Kingdom ដែលរៀបចំដោយក្រុមសកម្មជនប្រឆាំងជនអន្តោប្រវេសន៍ និងប្រឆាំងក្រុម​ Stephen Yaxley-Lennon កាន់សាសនាឥស្លាម​។ ពួកគេបានការ​ដើរ​ក្បួន​ឆ្ពោះ​ទៅ​កាន់​សភា ដោយកាន់ទង់ជាតិ​អង់គ្លេស និងបដា​សរសេរ​ថា តើ​ពេលណារដ្ឋាភិបាល​ នឹងចាត់វិធានការសម្រាប់​សាធារណជន​អង់គ្លេស?

ទន្ទឹម​នេះ ក៏មានការប្រមូលផ្តុំតវ៉ាប្រឆាំង​ នឹង​ក្រុមធ្វេីយុទ្ធនាការ​រើសអើង​ពូជសាសន៍ និង​ក្រុម​សហជីព​ដែរ ដោយ​ពួកគេកាន់​បដា​សរសេរ​ថា ស្វាគមន៍​ជនភៀសខ្លួន​។ ជំនួយការស្នងការរង​ លោកស្រី​ Rachel Williams ដែលកំពុងដឹកនាំប្រតិបត្តិការប៉ូលិសប្រុងជេីងការណ៍​ បាននិយាយថា យេីងមានកម្លាំងសំខាន់ៗដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុ​ ឬបទល្មើសណាមួយ មិនឱ្យបង្កការរំខានដល់សាធារណជន​ និងអាជីវកម្មរបស់ពួកគេឡេីយ។

គួរបញ្ជាក់ថា​ មានការបះបោរជាច្រើន នៅក្នុងទីប្រជុំជន និងទីក្រុងទូទាំងចក្រភពអង់គ្លេស​ កាលពីចុងកក្កដា បន្ទាប់ពីការសម្លាប់ក្មេងស្រី​ ៣នាក់នៅឯសាលរាំមួយកន្លែង​ នៅទីក្រុង​ Southport ដោយសារតែព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ បានកំណត់អត្តសញ្ញាណសង្ស័យថាជាជនចំណាកស្រុកមូស្លីម៕