(ប៉េកាំង)៖​ ចិន​ បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មលេីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរុស្ស៊ី​ អំឡុងកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ​ នៅក្នុងទីក្រុងវ៉ាស៉ីនតោន​។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២​៦​ ខែតុលា​ ឆ្នាំ​ ២០២៤។

តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិន​ នៅថ្ងៃសៅរ៍នេះ​ លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ Liao Min បានណែនាំអំពីកញ្ចប់គោលនយោបាយជំរុញសេដ្ឋកិច្ច​ ដែលចិនទេីបនឹងបានដាក់ចេញ​ ប្រាប់អនុលេខាធិការ​ក្រសួងហិរញ្ញវត្ថុអាមេរិក​ លោក Jay Shambaugh អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។

លោក​ Liao ដែលស្ថិតនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក​ លោកស្រី​ Janet Yellen ផងដែរ​ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ច៕