(ឡុងដ៏)៖​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅថ្ងៃសៅរ៍​ ទី២៦​ ខែតុលានេះថា អ៉ីរ៉ង់មិនគួរឆ្លើយតបទៅវិញទេ​ ចំពោះការវាយប្រហារសងសឹករបស់អ៉ីស្រាអែល​ និងសូមឱ្យភាគីទាំងអស់មានការអត់ធ្មត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

កាលពីព្រឹកថ្ងៃសៅរ៍នេះ អ៉ីស្រាអែលបានវាយប្រហារទីតាំងយោធាអ៉ីរង់​ ដោយនិយាយថាជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីរ៉ង់​ មកលើអ៉ីស្រាអែល​ កាលពីដេីមខែនេះ។ វាជាការវាយប្រហារថ្មីចុងក្រោយបង្អស់​នៅក្នុងជម្លោះនៃប្រទេសទាំងពីរ។

លោក​ Starmer បានបញ្ជាក់ថា​ ពិតណាស់​ អ៉ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់អ៉ីរ៉ង់ តែយើងត្រូវការបញ្ចៀសភាពតានតឹងក្នុងតំបន់បន្ថែមទៀត ដូចនេះសូមជំរុញឱ្យភាគីទាំងអស់​ បង្ហាញការអត់ធ្មត់។

គួរបញ្ជាក់ថា​ កងកម្លាំងការពារដែនអាកាសអ៉ីរ៉ង់ បានទទួលស្គាល់ ការវាយប្រហារពីសំណាក់អ៉ីស្រាអែល មកលើមូលដ្ឋានយោធា នៅក្នុងរដ្ឋធានីតេហេរ៉ង់ ព្រមទាំងនៅទីក្រុងមួយចំនួនទៀត ប៉ុន្តែបានអះអាងថា ការវាយប្រហារនោះ បានបង្កការខូចខាតមិនធ្ងន់ធ្ងរទេ៕