(ប៉េកាំង)៖ បេសកជនរបស់ទីក្រុងប៉េកាំង ប្រចាំអាហ្វហ្កានីស្ថាន បាននិយាយថា ចិន នឹងអនុគ្រោះពន្ធនាំចូល សម្រាប់ក្រុមលីបង់ ចំពោះវិស័យសំណង់ ថាមពល និងទំនិញប្រើប្រាស់ជាច្រើនមុខ ខណៈប្រទេសសម្បូរធនធាន ប៉ុន្តែឯកោខាងការទូតមួយនេះ កំពុងស្វែងរកការកសាងទីផ្សាររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤។

ទីក្រុងប៉េកាំង បានស្វែងរកការអភិវឌ្ឍទំនាក់ទំនង ជាមួយតាលីបង់ ចាប់តាំងពីក្រុមនេះត្រលប់មកគ្រប់គ្រង ប្រទេសអាហ្វហ្កានីស្ថានវិញ កាលពីឆ្នាំ ២០២១ ប៉ុន្តែមិនទទួលស្គាល់ថាជារដ្ឋាភិបាលផ្លូវការ ដូចបណ្តាប្រទេសដ៏ទៃទៀតដែរ ចំពោះមុខការព្រួយបារម្ភជាអន្តរជាតិ លើកំណត់ត្រាសិទ្ធិមនុស្ស ស្ត្រី និងកុមារី។

ប្រទេស​ក្រ​ខ្សត់មួយនេះ​ អាច​ផ្តល់នូវ​ធនធាន​រ៉ែ​ដ៏​សម្បូរ​បែប​ ដើម្បី​ជំរុញ​ការ​ខ្សែចង្វាក់ផ្គត់ផ្គង់​របស់​ទីក្រុង​ប៉េកាំង។ មួយវិញទៀតការលក់សារធាតុលីចូម ទង់ដែង និងដែក មកឱ្យចិន ដែលជាអ្នកបញ្ជាទិញដ៏ធំបំផុតរបស់ពិភពលោកនោះ នឹងជួយដល់ ក្រុមតាលីបង់ ឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វហ្កានីស្ថាន លោក Zhao Xing បានបង្ហោះរូបភាពជាមួយ ឧបនាយករដ្ឋមន្រ្តីស្តីទី លោក Abdul Kabir និងសារលើបណ្តាញសង្គម X ដូច្នេះថា «ចិន នឹងផ្តល់ឱ្យអាហ្វហ្កានីស្ថាន នូវការព្យាបាលសេដ្ឋកិច្ច តាមរយៈសូន្យពន្ធសូន្យភាគរយ»

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បាននាំចេញទំនិញមានតម្លៃ ៦៤លានដុល្លារ ទៅកាន់ប្រទេសចិន កាលពីឆ្នាំមុន។ តាមទិន្នន័យគយចិន ជិត ៩០ភាគរយគឺជាគ្រាប់ស្រល់ ប៉ុន្តែរដ្ឋាភិបាលតាលីបង់ និយាយថា ខ្លួនប្តេជ្ញាស្វែងរក អ្នកវិនិយោគបរទេស ដែលមានបំណងជួយធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រាក់ចំណេញពីទ្រព្យសម្បត្តិរ៉ែរបស់ខ្លួន៕