(កៀវ)៖ សេវាចារកម្មយោធាអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អង្គភាពកូរ៉េខាងជើងដំបូងគេ ដែលទទួលការបណ្តុះបណ្តាល នៅក្នុងប្រទេសរុស្ស៉ី ត្រូវបានដាក់ពង្រាយនៅតំបន់ Kursk ជាតំបន់ព្រំដែនរុស្ស៉ី ដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយលុកដ៏ធំកាលពីខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សេវាចារកម្មយោធាអ៊ុយក្រែន បញ្ជាក់ដូច្នេះថា «ទាហានកូរ៉េខាងជើងក្រុមដំបូង បានទៅដល់ទីតាំងប្រយុទ្ធ រវាងរុស្ស៉ី និងអ៊ុយក្រែនហើយ។ ជាពិសេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤ វត្តមានពួកគេ ត្រូវបានកត់ត្រាក្នុងតំបន់ Kursk»។

សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងទៀតថា ទាហានកូរ៉េខាងជើងសរុបប្រហែល ១២,០០០នាក់ រួមទាំងមន្រ្តី ៥០០នាក់ និងឧត្តមសេនីយ៍ ៣នាក់ បានស្ថិតនៅក្នុងប្រទេសរុស្ស៉ី ហើយការបណ្តុះបណ្តាល កំពុងធ្វើឡើងនៅឯមូលដ្ឋានយោធាចំនួន ៥។ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Yunus-Bek Yevkurov ជាអ្នកទទួលខុសត្រូវ ត្រួតពិនិត្យលើការហ្វឹកហ្វឺនយោធាកូរ៉េខាងជើង។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង ធ្លាប់ច្រានចោលសេចក្តីរាយការណ៍ អំពីការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើង ថាជា «ព័ត៌មានក្លែងក្លាយ»។ ប៉ុន្តែលោក ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វាជារឿងរបស់ទីក្រុងមូស្គូ ក្នុងការអនុវត្តសន្ធិសញ្ញាភាពជាដៃគូ ជាមួយទីក្រុងព្យុងយ៉ាង ខណៈដែលមិនបានបដិសេធ វត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៉ីឡើយ៕