(ប៉ារីស)៖ មហាអំណាចពិភពលោក បានរៃអង្គាសប្រាក់បាន ១ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសលីបង់ដែលកំពុងជួបវិបត្តិមនុស្សធម៌និងសេដ្ឋកិច្ច ដោយសារជម្លោះជាមួយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ក្នុងសន្និសីទមួយនៅទីក្រុងប៉ារីស រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot បានជំរុញឱ្យអ៊ីស្រាអែលទទួលយកបទឈប់បាញ់ និងផ្តោតលើការទូត។ ទន្ទឹមគ្នានេះ លោក Barrot បានគូសបញ្ជាក់ថា ប្រាក់ជាង ៨០០លានដុល្លារនឹងត្រូវប្រើប្រាស់ ដើម្បីជួយដល់ជនភៀសខ្លួន និង ២០០លានដុល្លារទៀតនឹងត្រូវផ្តល់ឱ្យកងទ័ពលីបង់។

ទោះបីជាមានការខិតខំប្រឹងប្រែង ក្នុងការស្វែងរកបទឈប់បាញ់ក៏ដោយ ក៏ជម្លោះនៅតែបន្តកើតមានឡើង។ អ៊ីស្រាអែលបានបដិសេធសំណើបទឈប់បាញ់របស់បារាំង និងអាមេរិក ហើយបានបន្តការវាយប្រហារទៅលើក្រុមហេសបូឡានៅលីបង់។ នាយករដ្ឋមន្រ្តីលីបង់បានអំពាវនាវឱ្យមហាអំណាចពិភពលោក ដាក់សម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យភាគីទាំងអស់ បញ្ឈប់អំពើហិង្សា និងស្វែងរកដំណោះស្រាយតាមរយៈការចរចា។ លោកបាននិយាយថា ការបន្តការប្រយុទ្ធគ្នានឹងមិននាំមកនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះទេ៕