(ប៉ារីស)៖ ប្រទេសបារាំង រំពឹងថាជំនួបប្រជុំនៃក្រុមប្រតិភូប្រមាណ ៧០នាក់ ដើម្បីជួយដល់ប្រទេសលីបង់ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ នឹងគាំទ្រដល់ការរៃអង្គាសថវិកាប្រហែល ៥០០លានអឺរ៉ូ ឬស្មើនឹង ៥៤០លានដុល្លារជាជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមឯកសារក្របខ័ណ្ឌនៃក្រសួងការបរទេស សន្និសីទស្តីពីលីបង់ នឹងនាំទៅរកការបង្កើតគំនិតផ្តួចផ្តើម សម្រាប់គាំទ្រដល់ ប្រទេសលីបង់ ជាពិសេសលើផ្នែកមនុស្សធម៌ ដែលបារាំង ដាក់គោលដៅចង់បានការគាំទ្រពីអន្តរជាតិ ជាថវិកាប្រហែល ៥០០លានអឺរ៉ូ។ ជំនួយ​ជា​ចម្បង​ នឹងប្រើសម្រាប់​ជួយ​ជនភៀសខ្លួន​ ក្នុង​វិស័យ​នានា ​រាប់​ចាប់ពី​សុខភាព អាហារ ទឹក អនាម័យ និង​ការអប់រំ។

លីបង់និយាយថា ខ្លួនត្រូវការថវិកាចំនួន ២៥០លានដុល្លារក្នុងមួយខែ ដើម្បីដោះស្រាយវិបត្តិផ្លាស់ទីលំនៅរបស់ប្រជាជន ពីចន្លោះពី ៥០០,០០០នាក់ទៅ ១លាននាក់ ពីភាគខាងត្បូងលីបង់ ចាប់តាំងពីអ៉ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ លើក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងខែកញ្ញា។

សន្និសីទនេះ ក៏នឹងអំពាវនាវផងដែរ ឱ្យមានដំណោះស្រាយការទូត ចំពោះវិបត្តិ ដោយផ្អែកលើដំណោះស្រាយលេខ ១៧១០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់ជម្លោះចុងក្រោយ រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ក្នុងឆ្នាំ ២០០៦ ហើយផ្តល់ការគាំទ្របន្ថែមដល់កងកម្លាំងសន្តិសុខជាតិ របស់លីបង់ ឱ្យក្លាយជាអ្នកធានាឯកភាព និងស្ថិរភាពប្រទេស៕