(មូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលគេស្គាល់ថាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ លោក ពូទីន បានប្រាប់បទសម្ភាសន៍ថា ការដាក់ពង្រាយកងទ័ពបរទេស ក្នុងសង្រ្គាមអ៊ុយក្រែន នឹងនាំទៅរកការកើនឡើងនូវជម្លោះ មិនអាចចៀសវាងបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០២៤។

ក្នុងបទសម្ភាសន៍ដាច់ដោយឡែកពីគ្នា ជាមួយទូរទស្សន៍ BBC និងទូរទស្សន៍រដ្ឋរុស្ស៉ី លោក Lukashenko ក៏បានលើកឡើងផងដែរថា រាល់ការសម្រេចប្រាស់អាវុធនុយក្លេអ៊ែររុស្ស៉ី ដែលដាក់ពង្រាយក្នុងប្រទេសបេឡារុស តម្រូវឱ្យមានការយល់ព្រមពីរូបលោកផ្ទាល់។ លោក Lukashenko បានច្រានចោលនូវការលើកឡើងថា កូរ៉េខាងជើង បញ្ជូនកងទ័ពទៅដាក់ពង្រាយ ជាមួយកងកម្លាំងរុស្ស៉ី ក្នុងសង្គ្រាមអ៊ុយក្រែន។ ប៉ុន្តែនិយាយថា វានឹងក្លាយជាជំហាន ឆ្ពោះទៅរកការកើនឡើងជម្លោះថែមទៀត ប្រសិនបើកងកម្លាំងប្រដាប់អាវុធ នៃប្រទេសណាមួយ សូម្បីតែបេឡារុស ចូលខ្លួនពាក់ព័ន្ធនៅក្នុងសង្រ្គាម។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ វិមានក្រឹមឡាំង បានចៀសវាងឆ្លើយតប ចំពោះសំណួរថាតើកងទ័ពកូរ៉េខាងជើង នឹងទៅប្រយុទ្ធនៅអ៊ុយក្រែន ឬយ៉ាងណា? ប៉ុន្តែបាននិយាយថា វាជាសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងមូស្គូ ក្នុងការអភិវឌ្ឍទំនាក់ទំនង ជាមួយទីក្រុងព្យុងយ៉ាង៕