(វ៉ាស៉ីនតោន)៖ FBI បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនកំពុងស៉ើបអង្កេតករណីបែកធ្លាយឯកសារសម្ងាត់ របស់ចារកម្មអាមេរិក ដែលមាននិយាយពីផែនការរបស់អ៉ីស្រាអែល ក្នុងការវាយប្រហារសងសឹកអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែតុលា​ ឆ្នាំ ២០២៤។

ឯកសារសម្ងាត់នោះ ត្រូវបានបែកធ្លាយ តាមគណនីតេឡេក្រាមឈ្មោះ Middle East Spectator កាលពីសប្តាហ៍មុន ដោយពិព័ណនាអំពី ការត្រៀមលក្ខណៈរបស់អ៉ីស្រាអែល សម្រាប់ការវាយប្រហារមួយដែលអាចទៅរួច ប៉ុ​ន្តែមិនបានបញ្ជាក់ច្បាស់ពីគោលដៅណាមួយទេ។ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកកាសែត កាលពីដើមសប្តាហ៍នេះថា អាជ្ញាធរអាមេរិក មិនទាន់ច្បាស់ទេថា វាជាការបែកធ្លាយឯកសារ ឬជាការលួចយក (hack) ប៉ុន្តែយ៉ាងណាក៏ដោយ វាជារឿងមិនអាចទទួលយកបានទេ។ តាមសេចក្តីថ្លែងការណ៍របស់ FBI «FBI កំពុងស៉ើបលើករណីបែកធ្លាយនោះ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ក្នុងក្រសួងការពារជាតិ និងបណ្តាញចារកម្ម»

គួរបញ្ជាក់ថា អ៉ីរ៉ង់ ​បាននិងកំពុង​ត្រៀម​ខ្លួន ​សម្រាប់​ការ​សងសឹកពីអ៉ីស្រាអែល ចំពោះការបាញ់មីស៉ីលរបស់ខ្លួន ជិត ២០០គ្រាប់​កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា។ មុនពេលមានការបែកធ្លាយនោះ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា រដ្ឋបាលលោក រក្សាឯកជនភាពឱ្យអ៉ីស្រាអែលណាស់ ជុំវិញផែនការរបស់ពួកគេ៕