(គុយវ៉ែត)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នាថ្ងៃអង្គារនេះ បាននិយាយថា បណ្តាប្រទេសជិតខាងរបស់អ៉ីរ៉ង់ បានសន្យាថា ពួកគេនឹងមិនអនុញ្ញាត ឱ្យមានការប្រើប្រាស់ដែនដី ឬដែនអាកាសរបស់ពួកគេ សម្រាប់ការវាយប្រហារណាមួយឡើយ ខណៈអ៉ីស្រាអែល កំពុងថ្លឹងថ្លែងវិធានការឆ្លើយតប ចំពោះការវាយប្រហារមីស៉ីលរបស់អ៉ីរ៉ង់ កាលពីដើមខែនេះ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅប្រទេសគុយវ៉ែត លោក Araghchi បាននិយាយដូច្នេះថា «ប្រទេសជិតខាងយើងទាំងអស់ បានធានាប្រាប់យើងថា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនដី ឬដែនអាកាសរបស់ពួកគេ អាចត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារ ​ប្រឆាំងមកលើប្រទេសអ៉ីរ៉ង់ឡើយ»។ ស្របពេលអ៉ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា ប្រឆាំងនឹងក្រុមហេសបូឡា នៅប្រទេសលីបង់ ព្រមទាំងបើក​ប្រតិបត្តិការយោធាតាមផ្លូវគោកថែមទៀត អ៉ីរ៉ង់ដែលជាខ្នងបង្អែករបស់ហេសបូឡា បានបាញ់មីស៉ីលប្រហែល២០០គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ អ៉ីរ៉ង់ ក៏ជាអ្នកគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សាផងដែរ។

គួរបញ្ជាក់ថា មុនពេលមកដល់គុយវ៉ែត លោក Araghchi បានស្ថិតនៅប្រទេសបារ៉ែន កាលពីថ្ងៃចន្ទ ខណៈវត្តមានរបស់លោក នៅក្នុងប្រទេសទាំងពីរនេះ គឺជាផ្នែកនៃ​ដំណើរទស្សនកិច្ច នៅក្នុងតំបន់ ដែលបាននាំលោកប្រមុខការទូតអ៉ីរ៉ង់ ទៅកាន់អារ៉ាប៊ីសាអូឌីត កាតា អូម៉ង់ អ៉ីរ៉ាក់ អេហ្ស៉ីប និងតួកគី។ សហរដ្ឋអាមេរិក ដែលជាស​ម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៉ីស្រាអែល មានធនធានយោធា នៅ​ពាសពេញតំបន់មជ្ឈិមបូព៌ា រួមមានទាំងនៅបារ៉ែន គុយវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់រួម។ លោក Araghchi ក៏បានព្រមានជាថ្មី ចំពោះអ៉ីស្រាអែលផងដែរ ថាកុំឱ្យវាយប្រហារមកលើ មូលដ្ឋាននុយក្លេអ៊ែររបស់អ៉ីរ៉ង់ ឱ្យសោះ៕