(ហ្សាការតា)៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ឱ្យចាត់វិធានការជួយសង្គ្រោះមនុស្ស នៅលើទូកមួយគ្រឿង ផ្ទុកជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង ១០០នាក់ រួមទាំងស្ត្រី និងកុមារ និងបានចូលចតនៅក្បែរឆ្នេរសមុទ្រភាគខាងលិច នៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤។

ទូកនោះ បានចូលចតនៅចម្ងាយប្រហែល ៦គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្ត Aceh ដែលស្ថិតនៅចុងភាគខាងលិចឥណ្ឌូណេស៉ី។ លោក Faisal Rahman សហការីផ្នែកគាំពាររបស់ UNHCR ប្រចាំឥណ្ឌូណេស៉ី បាននិយាយថា «UNHCR សូមអំពាវនាវជាបន្ទាន់ ទៅអាជ្ញាធរឥណ្ឌូណេស៉ី ឱ្យចាត់វិធានការជួយសង្គ្រោះនៅសមុទ្រ និងការចុះពីនាវាដោយសុវត្ថិភាព សម្រាប់ក្រុមមនុស្សដែលអស់ក្តីសង្ឃឹមទាំងនោះ»។ លោក Rahman បន្ថែមថា «UNHCR និងដៃគូបានត្រៀមខ្លួនដើម្បីគាំទ្រ និងផ្តល់ជំនួយចាំបាច់ សម្រាប់ជនងាយរងគ្រោះ»

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន របស់អង្គការសហប្រជាជាតិទេ ហើយទីក្រុងហ្សាការតាថា មិនអាចបង្ខំប្រទេសរបស់ខ្លួន ឱ្យទទួលយកជនភៀសខ្លួនមកពីមីយ៉ាន់ម៉ាឡើយ។ ឥណ្ឌូណេស៉ី អំពាវនាវឱ្យប្រទេសជិតខាង ជួយទទួល និងអនុញ្ញតឱ្យមានការតាំងទីលំនៅថ្មី សម្រាប់ជនជាតិរ៉ូហ៉ីងយ៉ា ដែលមកដល់ច្រាំងសមុទ្ររបស់ខ្លួន។

ជនជាតិរ៉ូហ៉ីងយ៉ាភាគច្រើន បានរងនូវការបៀតបៀនយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជារាល់ឆ្នាំ មានរាប់ពាន់នាក់ បានប្រថុយជីវិត ធ្វើដំណើរតាមផ្លូវសមុទ្រដ៏វែងឆ្ងាយ និងគ្រោះថ្នាក់ ដើម្បីព្យាយាមមកដល់ប្រទេសម៉ាឡេស៉ី ឬឥណ្ឌូណេស៉ី៕